ស្លាប់មនុស្ស២នាក់ ក្រោយពីយន្តហោះដឹកទំនិញ Emirates រត់ធ្លាក់ផ្លូវជ្រុលទៅបុករថយន្តក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុង

ហុងកុង៖ យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ប្រភេទ Boeing 747 ដែលហោះចេញពីទីក្រុងឌូបៃ (Dubai) បានជួបនូវឧបទ្ទវហេតុរអិលចេញពីផ្លូវរត់ផ្នែកខាងជើងក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុង នៅម៉ោងប្រហែល ៣៖៥០ នាទីទៀបភ្លឺ ថ្ងៃចន្ទ ទី២០ ខែតុលា ដោយបានរអិលទៅបុកជាមួយនឹងរថយន្តនៅទីនោះ ហើយលិចមួយផ្នែកចូលទៅក្នុងសមុទ្រ ។
រឿងរ៉ាវនេះ បានកើតឡើងនៅពេលយន្តហោះដឹកទំនិញ Boeing 747 ជើងហោះហើរលេខ EK9788 ដែលដំណើរការដោយ Air ACT របស់តួកគីយ៉េ ហាក់មិនអាចឈប់ទាន់ពេលអំឡុងការចុះចត ហើយក៏រអិលធ្លាក់ចេញពីផ្លូវរត់តែម្ដង ដោយបណ្ដាលឱ្យបុរសពីរនាក់ដែលម្នាក់អាយុ ៣០ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំស្ថិតនៅក្នុងរថយន្តនៅទីនោះបានបាត់បង់អាយុជីវិត ចំណែកឯសមាជិកយានិកទាំងបួននាក់នៅលើយន្តហោះ មិនបានជួបគ្រោះថ្នាក់ឡើយ ។
ក្រោយហេតុការណ៍នេះ ផ្លូវរត់នៅផ្នែកខាងជើងនៃអាកាសយានដ្ឋាន ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយបណ្ដាលឱ្យជើងហោះហើរដឹកទំនិញយ៉ាងហោចណាស់ ១២ គ្រឿងត្រូវអាជ្ញាធរលុបចោល។ ជុំវិញឧបទ្ទវហេតុនេះ អាជ្ញាធរបានសម្ដែននូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់ជនរងគ្រោះ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ។
ទន្ទឹមនឹងនោះ ការិយាល័យដឹកជញ្ជូននិងភស្តុភារ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ហុងកុង បានលើកឡើងថា សុវត្ថិភាពនៃការហោះហើរគឺជាអាទិភាពចម្បង ហើយការស៊ើបអង្កេតពេញលេញកំពុងធ្វើឡើងដោយអាជ្ញាធរស៊ើបអង្កេតត្រួតពិនិត្យគ្រោះថ្នាក់អាកាសចរណ៍ ដោយមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Emirates និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post/ REUTERS | រូបភាព-Photo៖ Handout via South China Morning Post & REUTERS




