ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

image




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
ពិធីនេះមានការចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ ១៥០០ នាក់។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC)បានថ្លែងថា "ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីអបអរសាទរការបើកសម្ពោធ អាកាសយានដ្ឋាន លំដាប់ ពិភពលោក (4F) របស់យើង  និងចូលរួមធ្វើជាសាក្សីដោយផ្ទាល់ ពីការអភិវឌ្ឍន៍ របស់ប្រទេស កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី"។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្តថា "ការវិនិយោគសាងសង់ (ដំណាក់កាលទី 1) មានចំនួន 2,300លានដុល្លារអាមេរិក ដោយ រួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍ អ្នកដំណើរ ស្ថានីយ៍ អ្នកដំណើរពិសេស (VVIP Terminal) ទីលាន ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយ ហិរញ្ញប្បទាន និង ចំណាយសម្រាប់ការផ្ទេរ ប្រតិបត្តិការ ។ ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុន តាមរយៈ មូលបត្រ បំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត4Fនេះ ត្រូវបានគ្រប់គ្រង និង សាងសង់ ទាំងមូល ដោយ ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC"។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្តថា"អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ រួមមានបី ដំណាក់កាល ដោយដំណាក់ កាល ទី1 មានសមត្ថភាពអាចទទួលអ្នកដំណើរបាន 13លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី2 អាច ទទួលអ្នកដំណើរបាន 30លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាល ទី3 អាចទទួលអ្នកដំណើរបាន 50លាននាក់ក្នុងមួយឆ្នាំ។ធ្វើយ៉ាងណាបង្កើនចំនួន អ្នកដំណើរ នៅពី 5.3 លាននាក់ ក្នុងឆ្នាំ2025 ដល់ 10 លាននាក់នៅឆ្នាំ2030។ គោលដៅមួយនេះ អាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញ ក្រុមហ៊ុន អាកាសចរណ៍ ថ្មីៗ បន្ថែមទៀត ក្រោមការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល "៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត