សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់ខ្មែរ១០០ភាគរយ មិនមែនទៅខ្ចីលុយបរទេសមកវិនិយោគទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់ខ្មែរ១០០ភាគរយ វិនិយោគដោយខ្មែរផ្ទាល់"។ សម្តេចបវរធិបតី បានបញ្ជាក់ថា "ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួនទឹកប្រាក់ ២៣០០លានដុល្លា ជាការវិនិយោគដោយខ្មែរ មិនមែនទៅខ្ចីលុយបរទេសមកវិនិយោគទេ "។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា " អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដែលធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន"។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា "រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់បើកជំហរជើងមេឃរបស់កម្ពុជា"។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានផ្តល់អនុសាសន៍ថា "ប្រសិនមានចំណុចអវិជ្ជមានណាមួយអំពីការបំរើសេវាកម្ម យើងត្រូវទទួលស្គាល់ និងកែលំអ ជាពិសេសខិតខំពង្រឹងខ្លួនយើង ព្រមទាំងបកស្រាយពីការពិត "៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត


























