ឆេះតូបលក់ទំនិញជាច្រើនក្នុងផ្សារមួយកន្លែងទល់មុខវត្តសុធុន ក្នុងខេត្តឆាឈឿងសៅ ប្រទេសសៀម

ឆាឈឿងសៅ, សៀម៖ ហេតុការណ៍អគ្គិភ័យមួយករណីបានកើតឡើងកាលពីម៉ោងប្រហែល ១០យប់ ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥ នៅក្នុងផ្សារមួយកន្លែងដែលស្ថិតនៅទល់មុខវត្តសុធុន (Wat Sothon) ក្នុងស្រុកមឿង ខេត្តឆាឈឿងសៅ ប្រទេសសៀម ។
អគ្គិភ័យនេះ បានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សនៅតាមតូបលក់ដូរទំនិញជាច្រើនដែលស្ថិតនៅជាប់ៗគ្នា ខណៈតូបទាំងនោះមានលក់ប្រហុក នំបង្អែម អាហារចម្អិនស្រាប់ ផ្កា រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងវត្តអារាមជាដើម ។
ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៥ គ្រឿង របស់សាលាក្រុងឆាឈឿងសៅ បានចំណាយពេលប្រហែល ៤៥ នាទីទំរាំតែអាចគ្រប់គ្រងស្ថានការណ៍បាន។ ការត្រួតពិនិត្យបឋម បង្ហាញថា តូបប្រហែល ១៨តូប ត្រូវអគ្គិភ័យបំផ្លិចបំផ្លាញទាំងស្រុង ដែលតូបភាគច្រើនជាសំណង់ធ្វើពីឈើ។ ក្នុងនោះដែរ មិនមានរបាយការណ៍បញ្ជាក់ថាមានអ្នករងរបួស ឬស្លាប់ឡើយ ខណៈមន្ត្រីជំនាញកំពុងកំណត់មូលហេតុពិតប្រាកដ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English/ Fire & Rescue Thailand | រូបភាព-Photo៖ Fire & Rescue Thailand





