ព័ត៌មានជាតិ

ករណីឃាតកម្មលើទារិការអាយុ៤ខែ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីអាយុ៣៣ឆ្នាំម្នាក់ បន្ទាប់ពីបើកការស៊ើបអង្កេត

image



ភ្នំពេញ៖ មានករណីឃាតកម្មលើទារិការអាយុ ៤ខែ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងករណីនេះ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីករណីទារិការស្លាប់ដោយមានការសង្ស័យ។

យោងតាមការឱ្យដឹងពី អង្គភាពការពារកុមារ បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាពការពារកុមារ បានចុះទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងដំណើរការស៊ើបអង្កេត និងការពិនិត្យកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុ។

ជាលទ្ធផលនៃការពិនិត្យក្រុមការងារជំនាញបានបានកំណត់មូលហេតុនៃការស្លាប់ រួមជាមួយស្ថានភាពសង្ស័យជុំវិញការស្លាប់របស់ទារិការនេះ ហើយក្រុមការងារជំនាញបានបំភ្លឺសាក្សីជាច្រើននាក់។ យោងតាមចម្លើយបំភ្លឺ បូករួមនឹងភស្តុតាងដែលមាននៅកន្លែងកើតហេតុ និងនៅលើសាកសព នាំឱ្យក្រុមការងារជំនាញសម្រេចឃាត់ខ្លួនស្ត្រីម្នាក់អាយុ ៣៣ឆ្នាំ ដើម្បីធ្វើបន្តទៅតាមនីតិវិធីច្បាប់៕