ព្យុះ Fengshen នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបាក់ដីនៅភាគកណ្ដាលប្រទេសវៀតណាម ក្នុងរយៈពេល ៦ថ្ងៃ

វៀតណាម៖ ព្យុះហ្វេងសេង (Fengshen) ត្រូវគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងលើភាគកណ្ដាលនៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែតុលា ដោយនឹងប៉ះពាល់ដល់បណ្តាខេត្តចាប់ពី ខេត្តហាទិញ (Ha Tinh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai)។ ព្យុះនេះអាចបណ្តាលឱ្យកម្រិតទឹកទន្លេនៅក្នុងខេត្តក្វាងទ្រី (Quang Tri) រហូតដល់ខេត្តក្វាងង៉ៃ កើនឡើងខ្ពស់ជាងកម្រិតប្រកាសអាសន្ន ដែលនាំឱ្យមានជំនន់ទឹកភ្លៀង ការរអិលបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ឬតំបន់ទីក្រុង ។
គិតត្រឹមថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥ ព្យុះនេះស្ថិតនៅចម្ងាយប្រហែល ៤៩០ គីឡូម៉ែត្រពីភាគឦសាននៃកោះប៉ារ៉ាសែល (Paracel) ដោយធ្វើដំណើរទៅទិសពាយ័ព្យក្នុងល្បឿនប្រហែល ២៥ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងកម្លាំងខ្យល់បោកបក់ចន្លោះពី ៧៥–៨៨ គីឡូម៉ែត្រ/ម៉ោង និងកម្លាំងខ្យល់កន្ត្រាក់ឡើងដល់ ១០២ គីឡូម៉ែត្រ/ម៉ោង ។
ការព្យាករណ៍ជាបន្តទៀត ឱ្យដឹងថា ព្យុះនេះនឹងបោកបក់ខិតជិតដល់ឆ្នេរសមុទ្រចន្លោះពីទីក្រុងហៀវ (Hue) និងខេត្តក្វាងង៉ៃ នៅថ្ងៃទី ២៣ ខែតុលា បន្ទាប់មកនឹងថមថយឥទ្ធិពលបន្តិច និងបន្តបោកបក់ទៅកាន់ទិសនិរតី។ លក្ខខណ្ឌនៅក្នុងសមុទ្រឯណោះវិញ នឹងមានរលកបោកបក់ខ្លាំង ដោយរលកទឹកសមុទ្រនឹងមានកម្ពស់ចន្លោះពី៣ម៉ែត្រ រហូតដល់ ៧ម៉ែត្រ នៅជិតចំណុចកណ្តាលនៃព្យុះនេះ ។
ជុំវិញស្ថានភាពនេះ អាជ្ញាធរបានជំរុញឱ្យបណ្តាខេត្តជាប់មាត់សមុទ្រ ត្រូវតាមដានព្យុះនេះឱ្យបានដិតដល់ ដើម្បីធានាសុវត្ថិភាពតាមផ្លូវទឹក និងត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ មន្ត្រីក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់ ការរអិលបាក់ដី និងភាពរអាក់រអួលផ្សេងទៀត ចំណែកឯទីតាំងវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្ត គួរតែចាត់វិធានការការពារជាមុន។ នៅឆ្នាំនេះ ព្យុះនៅក្នុងសមុទ្រខាងកើតវៀតណាម បានបង្កឱ្យមានការខូចខាតជាច្រើនរួចទៅហើយ ដោយមានមនុស្សរាប់រយនាក់ស្លាប់ របួស និងខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress/ Bao VietnamNet | រូបភាព-Photo៖ VN Express/ NCHMF via Bao VietnamNet/ Pham Chieu via VnExpress


