ផ្ទុះការប៉ះទង្គិចគ្នានៅទីក្រុង Los Angeles ក្នុងតវ៉ាប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុងឡូសអ៊ែនជែឡេស (Los Angeles) កាលពីថ្ងៃទី១៩ ខែតុលា អំឡុងមានព្រឹត្តិការណ៍តវ៉ានៅទូទាំងប្រទេសដែលអ្នកតវ៉ាបានដាក់ឈ្មោះថា “No Kings (គ្មានស្ដេច)” ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងតវ៉ាចំពោះការផ្អាកប្រតិបត្តិការស្ថាប័នរដ្ឋាភិបាលមួយចំនួន ។
មន្ត្រីនគរបាលកុបកម្ម បានជិះសេះ ដោយប្រើប្រាស់ដំបងឆក់ដើម្បីបំបែកក្រុមអ្នកតវ៉ា ហើយបន្ទាប់មក អាជ្ញាធរក៏បានចាប់ឃាត់ខ្លួនមនុស្សជាច្រើន ក្រោយពេលពួកគេព្យាយាមរុញច្រានកាត់ខ្សែបន្ទាត់ការពាររបស់មន្ត្រី ។
ការជួបជុំគ្នានៅក្នុងទីក្រុងឡូសអាន់ជែឡេស គឺជាផ្នែកមួយនៃការតវ៉ា “No Kings” ចំនួនជាង ២,៦០០ កន្លែង ដែលបានធ្វើឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដោយមានការប្រមូលផ្តុំដ៏ធំក៏បានកើតឡើងផងដែរនៅក្នុងទីក្រុងញូវយ៉ក (New York), ឈីកាហ្គោ (Chicago), អាត្លង់តា (Atlanta), និងបូស្តុន (Boston) ។
ទន្ទឹមនឹងនោះ អ្នករៀបចំព្រឹត្តិការណ៍នេះ បានរៀបរាប់ថា តួលេខអ្នកចូលរួមតវ៉ា គឺមានចំនួនច្រើនជាងបាតុកម្មដែលស្រដៀងគ្នាកាលពីខែមិថុនា ។
ចលនាតវ៉ាឈ្មោះ «No Kings» នេះត្រូវបានបង្កើតឡើងដោយក្រុមផ្សេងៗគ្នា ដែលអំពាវនាវរកលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងអ្វីដែលពួកគេមើលឃើញថាជាការរំលោភបំពានអំណាច និងអំពើពុករលួយក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Allison Robbert/ Kerem Yucel/ Scott Olson/ Ty ONeil/ Olga Fedorova via AP & Getty Images