ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ប្រាប់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គួរបន្តនីតិវិធីប្តឹងទៅតុលាការ ដោយសារតែពួកគាត់ បានបដិសេធទាំងដំណោះស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល

image


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ច ព្រោះពួកគាត់ បានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី។

លោក ស៊ុន មេសា បានថែ្លងបញ្ជាក់ថា “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៍ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់រួចរាល់ហើយ។ ចំពោះបងប្អូនដែលមិនសុខចិត្ត អាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។

អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ និងដំណាក់កាលនៃការដោះស្រាយ គឺមិនអាចធាក់ថយក្រោយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញទេ គឺមានតែទៅកាន់តុលាការតែប៉ុណ្ណោះ៕