សេដ្ឋកិច្ច

លោកអ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញផែនការវិនិយោគ ១០០លានដុល្លារ សាងសង់ផ្លូវទឹក​ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅព្រែកជីកហ្វូណនតេជោ

image


ភ្នំពេញ៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានបង្ហាញផែនការវិនិយោគ ១០០លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្លូវទឹកថ្មីប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទៅកាន់ព្រែកជីកហ្វូណនតេជោ ដើម្បីពង្រឹងបណ្តាញគមនាគមន៍ចម្រុះរបស់កម្ពុជា។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា៖ «យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុន វិនិយោគសរុបចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ TIA ទៅភ្ជាប់ ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក»។

លោកអ្នកឧកញ៉ា ក៏បានលើកឡើងពីការអភិវឌ្ឍជាបន្តបន្ទាប់នៅតំបន់ព្រលានយន្តហោះ រួមទាំងការបង្កើតទីក្រុងរណបអាកាសយានដ្ឋាន រួមមានការសាងសង់ លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទី ក្រុងរណបអាកាសយានដ្ឋាននេះ។

ជាមួយគ្នានេះលោកអ្នកឧកញ៉ា បានបន្ថែមទៀតថា ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងការលើកកម្ពស់ការផលិត និងការនាំចេញទំនិញតាមរយៈ TIA។

ការវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី ១ចំណាយទុនប្រមាន ២៣០០លានដុល្លារអាម៉េរិក លាតសន្ធឹងលើផ្ទៃដីជាង ២.៦០០ហិកតា ស្ថិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីភាគខាងត្បូងរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានប្រភេទ 4F វាអាចផ្ទុកយន្តហោះខ្នាតធំៗរបស់ពិភពលោក រួមទាំងយន្តហោះ Airbus A380-800 និង Boeing 747-800។

ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដោយធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងទីផ្សារអា កាសចរណ៍ក្នុងតំបន់ និងជាគោលដៅទាក់ទាញសម្រាប់អ្នកដំណើរទូទាំងពិភពលោក៕