សម្ដេចតេជោ ហ៊ុន សែន រំលេចពីការអភិវឌ្ឍ, ស្ថានភាពនយោបាយ និងបច្ចុប្បន្នភាពព្រំដែន ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសនាឱកាសនេះ។
សម្តេចតេជោបានមានប្រសាសន៍ចែករំលែកអំពីទិដ្ឋភាពទូទៅ ពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេចក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី។
សម្តេចតេជោប្រធានគណបក្ស ក៏បានបង្ហាញអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ និងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នាឱកាសនេះដែរ សម្តេចតេជោក៏បានមានប្រសាសន៍អំពីស្ថានភាពបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យបានវិលទៅរកភាពប្រក្រតីឡើងវិញ។
សម្តេចតេជោក៏បានមានប្រសាសន៍អំពីស្ថានភាពនយោបាយមួយចំនួនទៀត
ដល់សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាបានឈ្វេងយល់ និងស្ថានភាពពិតរបស់កម្ពុជា ជាពិសេសសម្រាប់បងប្អូនសកម្មជននៅក្រៅប្រទេស បានដឹង និងបានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ឈឹម ធីតា







