ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

image


សាធារណរដ្ឋហ្វីជី៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទស្តីពី “Weaving Health for All”។

កិច្ចប្រជុំ នៃអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោង នានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។

លើសពីនេះ កិច្ចប្រជុំធ្វើឡើងដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដែលមានប្រធានបទ សម្រាប់ពិភាក្សាអំពីបញ្ហាសុខភាពសំខាន់ៗដូចជា ១) ការប្រយុទ្ធនឹងជំងឺមិនឆ្លង ២) ការថែទាំសុខភាពផ្លូវចិត្ត ៣) ការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពប្រព័ន្ធសុខាភិបាល ៤) ការត្រួតពិនិត្យជំងឺរាតត្បាត និង ៥) ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុងវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំ រវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល៕

អត្ថបទ៖ សន ពិសិដ្ឋ