មនុស្ស១៤នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល នៅទូទាំងតំបន់ហ្គាហ្សា កាលពីចុងសប្ដាហ៍កន្លងទៅ

ហ្គាហ្សា, ប៉ាឡេស្ទីន៖ តាមរយៈរបាយការណ៍ក្នុងស្រុក បានឱ្យដឹងថា មនុស្ស ១៤នាក់បានស្លាប់ដោយសារតែការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រួចហើយក៏ដោយ។ ក្រោយមក យោធាអ៊ីស្រាអ៊ែលថ្លែងថា ខ្លួនបានបើកការវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស (Hamas) ដើម្បីឆ្លើយតបទៅនឹងអ្វីដែលយោធាអ៊ីស្រាអ៊ែល ចោទប្រកាន់ថាជាការរំលោភបំពានលើបទឈប់បាញ់ ពីសំណាក់ក្រុមខាងលើនេះ ។
ក្នុងចំណោមជនរងគ្រោះទាំងអស់ មានមនុស្ស ៧នាក់បានបាត់បង់អាយុជីវិត និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីរងនូវការវាយប្រហារតាមផ្លូវអាកាសដែលគេអះអាងថាជាស្នាដៃរបស់អ៊ីស្រាអ៊ែល បានវាយប្រហារទៅលើហាងកាហ្វេធ្វីក (Twix) ក្នុងទីក្រុងឌែរអាល់-បាឡាហ៍ (Deir al-Balah) នាកណ្ដាលតំបន់ហ្គាហ្សា កាលពីថ្ងៃទី១៩ ខែតុលា។ ក្រោយហេតុការណ៍នេះ គេបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ អាល់-អាហ្គសា ម៉ាធីយើស៍ (Al-Aqsa Martyrs) ។
គួររម្លឹកថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនេះរួមមាន ផែនការសន្តិភាព ២០ចំណុចសម្រាប់តំបន់ហ្គាហ្សា ដែលបានប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងកិច្ចព្រមព្រៀងពហុភាគី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា នៅទីក្រុងស្សាមអែល-ស្សេក (Sharm El-Sheikh) ដោយសហរដ្ឋអាម៉េរិក អេហ្ស៊ីប តួកគីយ៉េ និងកាតា ។
ចាប់តាំងពីជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស់ បានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ បានឆក់យកអាយុជីវិតប្រជាជនប៉ាឡេស្ទីនជាង ៦៨,០០០នាក់ និងរបួសប្រហែល ១៧០,០០០នាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Dawoud Abu Alkas via REUTERS/ AFP & Anadolu via Getty Images


