ប្រធានាធិបតីអាម៉េរិក៖ បើឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ី ឥណ្ឌាត្រូវតែបន្តបង់ពន្ធដ៏ខ្ពស់ដូចគ្នាដែរ

សហរដ្ឋអាម៉េរិក៖ កាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា លោកបានជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រា ម៉ូឌី (Narendra Modi) អំពីការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ។
ទោះជាបែបណាក្ដី ឥណ្ឌាបានបដិសេធថា មិនមានការសន្ទនាណាមួយបានកើតឡើងនោះទេ។ ផ្ទុយពីការបដិសេធនេះ លោកត្រាំ បានបញ្ជាក់ថា លោកម៉ូឌី បានធានាដល់លោកថា ឥណ្ឌានឹងមិនទិញប្រេងរុស្ស៊ីទៀតនោះទេ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាឯណោះ បែរជានិយាយថា ខ្លួននឹងធ្វើសកម្មភាពទាំងឡាយណា ដើម្បីគាំទ្រផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន ហើយឥណ្ឌាបានរិះគន់សហរដ្ឋអាម៉េរិក ថាលាក់ពុតចំពោះការបន្តនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមពីរុស្ស៊ី ។
ជុំវិញសំណួររបស់អ្នកកាសែត ទៅកាន់លោកប្រធានាធិបតីត្រាំ បានដាក់ជាចម្ងល់ថា «លោកត្រាំ បញ្ជាក់រួចហើយថាបានជជែកចរចាគ្នាជាមួយលោកម៉ូឌី ដែលថាឥណ្ឌានឹងឈប់ទិញប្រេងរបស់រុស្ស៊ី ចុះហេតុអ្វីឥណ្ឌាបដិសេធទៅវិញ»?
ពាក់ព័ន្ធនឹងចម្លើយតបទៅកាន់សំណួរខាងលើនេះ លោកត្រាំ បានឆ្លើយតបយ៉ាងខ្លីថា «ខ្ញុំមិនដឹងនោះទេ ប៉ុន្តែប្រសិនបើពួកគេចង់ធ្វើដូច្នេះ (បន្តទិញប្រេងរុស្ស៊ី) នោះពួកគេនឹងត្រូវបន្តបង់ពន្ធគយក្នុងអត្រាមួយដ៏ខ្ពស់ដូចគ្នាដែរ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Nathan Howard via REUTERS/ Daily Times (PK)/ MEA Spokesperson Randhir Jaiswal on One India


