ប្រមុខដឹកនាំអាម៉េរិក៖ ចលនាតវ៉ា No King គឺជាការជួបជុំតូចតាចតែប៉ុណ្ណោះ និងគ្មានប្រសិទ្ធភាពឡើយ

សហរដ្ឋអាម៉េរិក៖ ពាក់ព័ន្ធនឹងចលនាបាតុកម្ម “No King” (មិនអនុញ្ញាតឱ្យមានស្ដេចមកត្រួតត្រា) កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានឆ្លើយតបចំពោះសកម្មភាពខាងលើនេះថា វាគ្រាន់តែជាការជួបជុំតូចតាចប៉ុណ្ណោះ ហើយគ្មានប្រសិទ្ធភាពនោះទេ ។
ប្រមុខដឹកនាំកំពូលរូបនេះ កាលពីថ្ងៃទី១៩ ខែតុលា បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ជាបន្តទៀតថា «លោកមិនមែនជាស្ដេចនោះទេ ហើយលោកបានខិតខំព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីធ្វើឱ្យប្រទេសជាតិនេះ ក្លាយជាប្រទេសដ៏អស្ចារ្យ» ។
គួររម្លឹកថា ព្រឹត្តិការណ៍តវ៉ា No King បានកើតមានឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដែលធ្វើឡើងដើម្បីប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីត្រាំ និងតវ៉ាចំពោះការផ្អាកប្រតិបត្តិការស្ថាប័នរដ្ឋាភិបាលមួយចំនួន ជាមួយនឹងគោលបំណងអំពាវនាវរកលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងអ្វីដែលពួកគេយល់ថាជាការបំពានអំណាច និងអំពើពុករលួយក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីបច្ចុប្បន្ន ។
អំឡុងការតវ៉ាខាងលើ ក៏នាំឱ្យមានការប៉ះទង្គិចគ្នាផងដែររវាងក្រុមអ្នកតវ៉ា និងមន្ត្រីនគរបាលកុបកម្ម ដោយមានការចាប់ឃាត់ខ្លួនមនុស្សជាច្រើននាក់ទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Will Lanzoni via CNN/ Kerem Yucel/AFP/Getty Images/ Olga Fedorova/AP


