សមាគមចំនួន៣ រួមគ្នាលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា ខណៈកម្ពុជានាំចេញផលិតផលកសិកម្មមួយចំនួនទៅចិន

ភ្នំពេញ៖ សមាគមចំនួន៣ បានចុះអនុស្សាណៈលើការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈការបណ្តុះបណ្តាល ដំណើរទស្សនកិច្ចសិក្សា ដើម្បីជំរុញលើកស្ទួយអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា មានឱកាសពង្រីកទីផ្សារ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព ខណៈកម្ពុជាក៏បាននាំចេញផលិតផលកសិកម្មដែលមានសក្តានុពលមួយចំនួនទៅចិន។
លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន សម្រាប់សហគ្រាសធុនតូច និងមធ្យម ថា សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ជាក់ស្តែងក្នុងពេលនេះសមាគមបានរៀបចំជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន គឺជាការបង្កើតឱកាសថ្មីបន្ថែមទៀត សម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ក៏ដូចជាបង្ហាញនូវគន្លឹះជោគ ជ័យលើការអាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគបន្ថែម នៅក្នុងប្រភេទអាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីជំរុញឱ្យវិស័យនេះរីកលូតលាស់ប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត បានបន្តថា សមាគមបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ច ដែលជាសមាជិក ទាំងអាជីវកម្មខ្នាតតូចនិងមធ្យម តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដើម្បីជំរុញដល់ដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ គឺមិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូមរួមចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរ។
លោកបណ្ឌិត អ៊ី សុវណ្ណារ៉ា ប្រធានសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន ក៏លើកឡើងពីសក្តានុពលប្រទេសកម្ពុជា ដោយបានបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន មកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ចំណែកតាមរយៈនៃកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌរវាងគូភាគី សម្រាប់ជាដៃគូយុទ្ធសាស្រ្តយូរអង្វែង ជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលតាមរយៈនេះគឺជាការចូលរួមចំណែកបន្ថែមពង្រឹងដល់ការធ្វើធុរកិច្ច ក្រោមបរិយាកាសនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
សូមបញ្ជាក់ថា ក្នុងជំនួបសហគ្រិន និងផ្គូផ្គងអាជីវកម្មនេះ សមាគមសហគ្រិនវីម៉ូកម្ពុជា បានចុះអនុស្សាណៈយោគយល់គ្នា ជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងសាខាសមាគមនិស្សិតបញ្ញាវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូរួមគ្នា ជំរុញលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតដល់ម្ចាស់អាជីវកម្ម ជួយដល់សមាជិក-សមាជិកា ពង្រីកទីផ្សារនិងបង្កើតទំនាក់ទំនងអាជីវកម្មប្រកបដោយសក្តានុពល ជាពិសេសការរួមគ្នាចែករំលែកជំនាញ ចំណេះដឹង តាមរយៈវគ្គបណ្តុះបណ្តាលដំណើរទស្សនកិច្ចសិក្សា ដើម្បីរួមបញ្ចូលកំលាំងគ្នាជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម អាចឈានជើង ចូលទីផ្សារប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត៕
អត្ថបទ៖ ចេង ឆហួត








