ធុរៈកិច្ចថ្មីចំនួន៤ ដែលជាធុរកិច្ចក្នុងថ្នាលបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានសហការគ្នាបង្កើត សហគមន៍ឌីជីថលឈ្មោះថា “ចតុមុខ”

ភ្នំពេញ៖ ធុរៈកិច្ចថ្មីចំនួន៤ ដែលជាធុរកិច្ចក្នុងថ្នាលបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសហការក្នុងការបង្កើតសហគមន៍សេវាកម្មឌីជីថល មួយឈ្មោះថា សហគមន៍ឌីជីថល “ចតុមុខ” ដើម្បីជួយជំរុញឲ្យវិស័យឌីជីថលក្នុងស្រុកយើង មានលទ្ធភាពប្រកួតប្រជែញក្នុងទីផ្សារតំបន់បាន។
គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺរួបរួមធុរកិច្ចថ្មីក្នុងស្រុកជាធ្លុងមួយ ដើម្បីបំពេញបន្ថែមនូវ សេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឲ្យជំរុញការចាប់យកឌីជីថល នៃសហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួលនិងចំណាយតិចបំផុត។
ខ្លឹមសារសំខាន់ៗ នៃសហគមន៍ឌីជីថល “ចតុមុខ” ទី១.បង្កើតសហគមន៍ឌីជីថលមួយ ដែលអាចចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍គ្នាទៅវិញទៅមក, ទី២.អាចផ្តល់តម្លៃបន្ថែមជាអតិបរមាដល់អតិថិជនគ្នាទៅវិញទៅមក តាមរយៈការតភ្ជាប់ប្រព័ន្ធបញ្ចូលគ្នា, ទី៣.បង្កើនសម្ថភាពនៃការធ្វើទីផ្សាររួមគ្នា ដើម្បីធ្វើយ៉ាងអាចកាត់បន្ថយចំណាយពីការធ្វើទីផ្សារក្នុងសហគមន៍ និង ទី៤.រួមបង្កើនគុណតម្លៃនៃសេវាកម្មឌីជីថលនៃកម្ពុជា ធ្វើយ៉ាងណាអាចឲ្យវិស័យឌីជីថលក្នុងស្រុកយើង មានលទ្ធភាពប្រកួតប្រជែញក្នុងទីផ្សារតំបន់បាន។
នៅក្នុងឱកាសនោះ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធុរៈកិច្ចថ្មីទាំង៤ បង្កើតបានជាសហគមន៍សេវាកម្មឌីជីថលថ្មីមួយបន្ថែមទៀត ដែលជាបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ សំដៅរួមគ្នាជាធ្លុងមួយដើម្បីបំពេញនូវសេវាកម្ម និងផលិតផលផ្ដល់ឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជួយជំរុញការចាប់យកសេវាកម្មឌីជីថលនៃសហគ្រាសធនតូច និងមធ្យម ឱ្យបានកាន់តែងាយស្រួល និងចំណាយតិចបំផុត។
លោកក៏បានលើកទឹកចិត្តដល់សហគមន៍ឌីជីថល “ចតុមុខ” នេះ ត្រូវសហការគ្នាឱ្យបានស្អិតរមួតក្នុងការអនុវត្តកិច្ចការងារសហគមន៍សេវាកម្មឌីជីថល ឱ្យបានកាន់ជោគជ័យក្នុងរយៈពេលយូរអង្វែងជាមួយនឹងការបន្តសហការណ៍ជួយបំពេញមុខងារឱ្យគ្នាទៅវិញទៅមកបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា សហគមន៍ឌីជីថល “ចតុមុខ” (Chaktomuk Digital Hub) រួមមាន ធុរកិច្ចថ្មី Localize Tech Solution, Krub krong, Point hub POS និង BeOne Platform ក្រោមការគាំទ្រនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដោយកិច្ចសហការនេះមានគោលបំណង គឺការរូបរួមធុរកិច្ចថ្មីក្នុងស្រុកជាធ្លុងមួយ ដើម្បីបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឲ្យជំរុញការចាប់យកឌីជីថល នៃសហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួល និងចំណាយតិចបំផុត៕
អត្ថបទ៖ ចេង ឆហួត










