ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ នៅប្រទេសបារំាង នាចុងសប្តាហ៍នេះ

image


ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ នៅប្រទេសបារាំង នាចុងសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលមានរយៈពេល ៦៩ឆ្នាំ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។

អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេច នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទំាងពីរ និងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង។ 

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភា ធិបតី គ្រោងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហ កម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសហុងគ្រី មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ ទំនងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រ ទេសហុងគ្រី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩
និងទី៣០ ខែតុលា ឆ្នាំ២០២៥បន្តទៀត។

នៅក្នុងវេទិកាអន្តរជាតិនោះដែរ សម្តេចរដ្ឋ សភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើក ដាច់ដោយឡែកពីគ្នា រួម មាន៖ ១- នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២-កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភព លោកដែលមានការបែកខ្ញែក» និងទី ៣-កិច្ចពិភាក្សា «ការបែកបាក់ និងការប្រ ឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្ត នយោបាយនៅអាស៊ី»។

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រ ទេសផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកស្រី យ៉ាអ៊ែល ប្រូនពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធា រណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញ ត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជា ពលរដ្ឋ៕

អត្ថបទ៖ វង សុភ័ក្ត្រ