ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើន ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក

image


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ឯក ឃុនដឿន អភិបាលរងតំណាងលោកអភិបាលរាជធានីរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមអធិបតីភាពលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកអភិបាលរង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្ហាញផែនការពន្លឿនការដោះស្រាយតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ។

លោក ឯក ឃុនដឿន ក៏បានចាត់ទុកថា ការដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

លោក បានបញ្ជាក់ថា វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌនានាទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។

ក្នុងវេទិកានេះដែរ លោក ម៉ប សារិន បានលើកទឹកដល់ប្រជាពលរដ្ឋលើកឡើងជាសំណូមពរ សំណួរសំណើរដល់អាជ្ញាធរ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូន។

លោកប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា អាជ្ញាធរ នឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ លោក បានបន្តថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សា បានលើកឡើងថា នៅក្នុងរាជធានីភ្នំពេញ មានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទំាងនេះ អាជ្ញាធរជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕