លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នាព្រឹកថ្ងៃទី២១ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ ២០២៥ ក្នុងគោលបំណងនាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមកដើម្បី ធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជន រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនងនិង បទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។
បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលា លោកឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានារបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។
លើសពីនេះ នាព្រឹកដដែល លោកឧបនាយករដ្ឋមន្រ្តី ក៏បានទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) និងជួបផ្ទាល់ជាមួយបុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ។
សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រ សួងមុខងារសាធារណៈ អភិបាលខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ អភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ កម្រិត ៣ ទូទាំងប្រទេស៕
អត្ថបទ៖ វង សុភ័ក្ត្រ












