ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កោះហៅឯកអគ្គរដ្ឋទូតវៀតណាម ជុំវិញការចោទប្រកាន់ថា អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បៀតបៀនមន្ត្រីកូរ៉េ

image


កូរ៉េខាងត្បូង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឱ្យដឹងថា កូរ៉េខាងត្បូង បានធ្វើការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមមួយរូប បន្ទាប់ពីមានការចោទប្រកាន់ថា អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ហ័ង ស៊ាន់ជៀន (Hoang Xuan Chien) បានប៉ះពាល់មន្ត្រីរដ្ឋការស៊ីវិលកូរ៉េខាងត្បូងម្នាក់ដោយមិនសមរម្យ (បៀតបៀន) ក្នុងអំឡុងចូលរួមវេទិកាសន្តិសុខនៅកូរ៉េខាងត្បូង កាលពីខែកញ្ញា ។

នៅក្នុងសន្និសីទកាសែតបិទទ្វារជាមួយអ្នកកាសែតកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េ បានថ្កោលទោសចំពោះអាកប្បកិរិយារបស់អនុរដ្ឋមន្ត្រីការពារជាតិរូបនេះ ហើយបានស្នើសុំវៀតណាម តាមរយៈបេសកជនខាងលើនេះ ឱ្យចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យកើតមានរូបភាពបែបនេះម្ដងទៀត ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ បេសកជនវៀតណាម បានសម្តែងនូវការសោកស្តាយ និងបានសន្យាថា «ឧបទ្ទវហេតុនេះ នឹងមិនកើតមានឡើងម្ដងទៀតនោះទេ ចំណែកឯស្ថានទូតវៀតណាមនៅក្នុងរដ្ឋធានីសេអ៊ូល មិនទាន់បានធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយ ។

គួររម្លឹកថា មន្ត្រីជាន់ខ្ពស់វៀតណាមដែលត្រូវគេចោទប្រកាន់ បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូង នៅមួយថ្ងៃបន្ទាប់ពីកើតមានឧបទ្ទវហេតុខាងលើនោះ ហើយបេសកជនវៀតណាមត្រូវបានកោះហៅក្នុងរយៈពេលមួយសប្ដាហ៍ក្រោយ ។

ទន្ទឹមនឹងនោះ ក្រសួងការពារជាតិកូរ៉េ បានបញ្ជាក់ដែរថា ព័ត៌មានលម្អិតគឺមានដែនកំណត់នៅត្រឹមនេះ ដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ។ ថ្លែងទៅកាន់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា ខ្លួននឹងចាត់វិធានការសមស្រប ជុំវិញសកម្មភាពនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA| រូបភាព-Photo៖ iStock/ Nguyễn Tiến Hải/ Yonhap News