កម្ពុជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃ

ចន្ទបុរី៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) បានចាប់ផ្ដើមហើយ នៅខេត្តចន្ទបុរី ប្រទេសថៃ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ សមាសភាពកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចូលរួម។
ចំណែកសមាសភាពភាគីថៃ ដឹកនាំដោយ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
របៀវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះរួមមាន៖
១- ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ (១៤-១៥ មិថុនា ២០២៥)។
២- របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ GBC ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង (១០-០៩-២០២៥) ជាពិសេសករណីនៅភូមិជោគជ័យ។ ក្រៅពីនេះក៏មានរបៀបវារៈផ្សេងៗទៀត ផងដែរ។
សូមបញ្ជាក់ថា មុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាសគីកម្ពុជា-ថៃ ក៏មានការប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន ផងដែរ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
នៅទីតាំងកិច្ចប្រជុំ ខេត្តចន្ទបុរី ប្រទេសថៃ៕




