សម្តេច ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ការផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

ស្វាយរៀង៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ជាជំនួយរបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឌីខេ លី តាមរយៈលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ។
អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ ១៥បន្ទប់ (មាន បន្ទប់ទឹក, ១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត ដោយចំណាយអស់ថវិកាសរុប ៦៥ម៉ឺន ៥ពាន់ ដុល្លារអាមេរិក។ អគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខាភិបាលក្នុងស្រុកស្វាយជ្រំនេះ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក ឌីខេ លី រួមជាមួយគណៈប្រតិភូ និងសប្បុរសជនកូរ៉េនៃរ៉ូតារីក្លឹប ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលលេីទឹកដីស្រុកស្វាយជ្រំ។
សម្តេច បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ក្នុងនោះគណៈប្រតិភូសប្បុរជនកូរ៉េ បានចូលរួមកសាងសមិទ្ធផលនានានៅក្នុងខេត្តស្វាយរៀង ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក និងបាននាំយកនូវអំណោយជូនដល់ប្រជាពលរដ្ឋក្នុងឃុំឈើទាល ស្រុកស្វាយជ្រំចំនួន ៥លើក រួចមកហើយ និងជាបន្តបន្ទាប់ រ៉ូតារីក្លឹប បានចូលរួមកសាង មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល។
សម្តេច បានបន្តថា អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាពិសេស មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀត ក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួនៃក្រុងស្វាយរៀងផងដែរ។
សម្តេច ម៉ែន សំអន បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ហើយបានដាក់ចេញ និងដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថេរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋាន គ្រឹះនៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមជាមួយការកំណត់នូវអាទិភាគន្លឹះចំនួន ៥ គឺ ៖ “មនុស្ស, ទឹក, ភ្លើង, ផ្លូវ និងបច្ចេកវិទ្យា” មានន័យថា មនុស្ស នៅតែជាវិស័យអាទិភាពទី១ដដែល។”
សម្ដេចម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលទាំងអស់ ទី១. បុគ្គលិកពេទ្យដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការសង្គ្រោះ និងពិនិត្យ-ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្ត អាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។ ទី២. មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើរឡើង។ និងទី៣. អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីនៃអនុក្រឹត្យលេខ ៦១ អនក្រ. បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្តីពីក្រមសីលធម៌គ្រូពេទ្យ រួមជាមួយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងអ្នកមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព, ការស្តាប់ពិនិត្យ ឱ្យទូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ដោយស្មើភាពគ្នា និងមិនប្រកាន់និន្នាការ ប្រពៃណី សាសនា និងជាតិសាសន៍ នោះឡើយ៕
អត្ថបទ៖ មិន ភក្តី















