ព័ត៌មានជាតិ

ទំនប់​ចាំ​ក្តាន់ នៅខេត្តព្រៃវែង ដែលមានពពួកសត្វ​ស្លាប​ជា​ច្រើន​ប្រភេទ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករនៅ​ថ្ងៃ​ឈប់​សម្រាក

image


​ព្រៃវែង៖ ទំនប់ទឹក​ចាំ​ក្តាន់ បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ទៅលេង​កម្សាន្ត​យ៉ាងច្រើន​កុះករនៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​បុណ្យ​ទាន ដោយសារ​តែ​ទំនប់​នេះ សំបូរ​ទៅ​ដោយ​ពពួកសត្វ​ស្លាប​ជា​ច្រើន​ប្រភេទ ដែល​មាន​ចំនួន​រាប់​ពាន់​ក្បាល​ កំពុង​រស់នៅតាម​ព្រៃរបោះ និង​ព្រៃរនាមក្នុងដែន​ទំនប់​នេះ​។

ទំនប់ទឹកនេះ គឺជា​ទំនប់​ដ៏​ធំ​មួយ ​ហ៊ុំ​ព័ទ្ធ​ផ្ទៃដី​ប្រមាណ​ ១០​ហិក​តា សម្រាប់​ស្តុ​ប​ទឹក​ទុកឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

អាជ្ញាធរ​ឃុំ​ព្រៃ​ព្នៅ ​បាន​ឲ្យ​ដឹង​ថា ទំនប់​ចាំ​ក្តាន់​នេះ ពី​មុន​ឡើយ​គេ​ធ្វើ​សម្រាប់​ស្តុ​ប​ទឹកទុក​ឲ្យប្រជាពលរដ្ឋ​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ។ ប៉ុន្តែ​ពី​១​ឆ្នាំទៅ​១​ឆ្នាំផ្ទៃដី​នៅ​ផ្នែក​កណ្ដាល បាន​ដុស​កើតជា​ព្រៃរបោះ​ព្រៃរនាម​ច្រើន​ទៅ​ៗ ជា​ហេតុ​ទាក់ទាញ​ឱ្យ​សត្វ​ស្លាប​នាំ​គ្នា​ចូល​មក​រស់នៅ​កើតកូន​កើត​ចៅ​ស្អេកស្កះ​ពេញ​ព្រៃ​រហូត​ដល់​រាប់រយ​រាប់​ពាន់​ក្បាល​។

អាជ្ញាធរ​ឃុំ​ព្រៃ​ព្នៅ​ បាន​បញ្ជាក់ទៀត​ថាដោយ​មើលឃើញ​តំបន់​នេះ​ មាន​សត្វ​ស្លាប​រស់នៅ​ច្រើន ទើប​អាជ្ញាធរ​ឃុំ​ បាន​ចាត់វិធានការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានចូលរួម​ជួយ​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​តំបន់​នេះ ដើម្បី​ប្រែក្លាយ​តំបន់​នេះឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិឲ្យ​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​ឲ្យ​បាន​ច្រើន​។

ដោយឡែក ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ក៏​បាន​បង្ហាញ​នៅ​អារម្មណ៍​សប្បាយរីករាយ​ផង​ដែរនៅពេល​ឃើញ​វត្តមាន​សត្វ​ស្លាប​គ្រប់​ប្រភេទ រស់នៅ​ក្នុង​ទំនប់​ចាំ​ក្តាន់​នេះ និង​មាន​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត​នៅ​តំបន់​នេះ​ច្រើន។ ពួក​គាត់​ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរជួយរៀបចំ​កែ​លម្អ​តំបន់​នេះ ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យមក​លេង​កម្សាន្ត​កាន់តែ​ច្រើនដែល​អាច​ជួយ​ឲ្យ​ពួក​គាត់ប្រកប​មុខរបរ​រក​ប្រាក់​ចំណូល​នៅ​ក្នុង​តំបន់​នេះបាន​កាន់តែ​ច្រើន​ផង​ដែរ​៕

អត្ថបទ​៖ មិន​ ភក្ដី​