ប្រធានាធិបតីត្រាំ លើកឡើងថា ប្រទេសចិន កំពុងតែបង្ហាញកាយវិការគោរពចំពោះសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅឯសេតវិមាន កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ឥឡូវនេះ ប្រទេសចិនកំពុងតែបង្ហាញកាយវិការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសហរដ្ឋអាម៉េរិក ។
ទោះជាបែបណាក្ដី លោកប្រធានាធិបតីត្រាំ បានលើកឡើងជាបន្តថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ មិនអាចសម្រេចបាននោះទេ លោកគ្រោងនឹងគិតពន្ធបន្ថែម ១០០% លើទំនិញរបស់ចិនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ ជុំវិញជំនឿចិត្តដ៏វិជ្ជមាន លោកបានបង្ហាញនូវការជឿជាក់ថា ភាគីទាំងពីរទំនងជានឹងសម្រេចបាននូវកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗខាងមុខ ។
ជាងនេះទៀត លោកត្រាំ បានធ្វើការរិះគន់ប្រធានាធិបតីមុនៗរបស់សហរដ្ឋអាម៉េរិកថា «មានភាពទន់ជ្រាយជាមួយចិនខ្លាំងពេក ព្រមទាំងទុកឱ្យប្រទេសផ្សេងទៀតអាចទាញយកប្រយោជន៍ជាច្រើនពីអាម៉េរិក ប៉ុន្តែនៅពេលនេះ លោកនឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងទៀតទេ ហើយលោកនឹងធ្វើកិច្ចព្រមព្រៀងមួយដែលយុត្តិធម៌» ។
ទន្ទឹមនឹងនោះ គេរំពឹងថា ប្រមុខដឹកនាំកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងប្រទេសកូរ៉េខាងត្បូង នាចុងខែនេះ។ បន្ថែមពីនេះ លោកត្រាំ បានឱ្យដឹងដែរថា លោកទទួលបានការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំក្រោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ CNN/ Damir Sagolj via REUTERS

