ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន លើកទី២១ ចាប់ផ្តើមនៅខេត្តសៀមរាប ក្នុងគោលបំណងរួមគ្នាពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់

image


សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

បើតាមក្រសួងការងារ បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលកម្ពុជាមានកិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដោយធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញនូវគោលបំណងរួមគ្នា ក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត។

លោករដ្ឋមន្រ្តី បានអបអរសាទរលោកស្រី Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម នៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦ ចំពោះការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងលើកទី២១ (20th & 21st SLOM) ដែលនឹងពិនិត្យមើលវឌ្ឍនភាពដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារជាដើម។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះឧត្តមមន្រ្តីការងារអាស៊ានដែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវរបៀបវារៈពាក់ព័ន្ធនឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ តាមរយៈការទប់ស្កាត់ ការអប់រំ ការគាំពារសង្គម ដែលស្របជាមួយនឹងប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដែលមានសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។

ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍ ដែលផ្ដល់នូវឱកាសជាច្រើនសម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើមដែលមាននាពេលបច្ចុប្បន្នសម្រាប់ឆ្លើយតបទៅនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម ការបិទគម្លាតជំនាញ ពិតជាមានភាពចាំបាច់ណាស់៕