លោកត្រាំ៖ កិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹកនុយក្លេអ៊ែរទៅឱ្យអូស្ត្រាលី កំពុងដំណើរការយ៉ាងឆាប់រហ័ស

សហរដ្ឋអាម៉េរិក៖ ស្ថិតនៅឯសេតវិមានជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា កិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅឱ្យអូស្ត្រាលី ដែលធ្វើឡើងក្រោមរដ្ឋបាលលោក ចូ បៃដិន (Joe Biden) ឥឡូវនេះកំពុងដំណើរការទៅមុខបានយ៉ាងឆាប់រហ័ស ។
លោកត្រាំ បានលើកឡើងថា កាលពីមុន កិច្ចព្រមព្រៀងនេះធ្លាប់មានភាពយឺតយ៉ាវ ប៉ុន្តែឥឡូវនេះសហរដ្ឋអាម៉េរិក មាននាវាមុជទឹកត្រៀមរួចជាស្រេចហើយ ហើយក៏កំពុងសាងសង់បន្ថែមទៀតផងដែរ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកមាននាវាមុជទឹកដ៏ល្អបំផុតមួយចំនួននៅក្នុងពិភពលោក ។
ក្រោមកិច្ចព្រមព្រៀងនេះ ជាដំបូង អូស្ត្រាលី នឹងទិញនាវាមុជទឹកប្រភេទ វីជីនៀ-ក្លាស (Virginia-class) ចំនួន៣គ្រឿង ដោយចាប់ផ្តើមនៅឆ្នាំ ២០៣២ ហើយនឹងមានការទិញបន្ថែមទៀតនៅពេលក្រោយ។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការចែករំលែកបច្ចេកវិទ្យាយោធា ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ, យានក្រោមបាតសមុទ្រ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ SAUL LOEB, AFP via Getty Images/ REUTERS


