ចិននិយាយថា ខ្លួនចង់បានកិច្ចចរចាដោយការគោរព និងយុត្តិធម៌ជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម

ចិន៖ ប្រទេសចិន កាលពីថ្ងៃចន្ទ ទី២០ ខែតុលា បានថ្លែងថា ខ្លួនចង់រៀបចំកិច្ចចរចាដែលមានការគោរពគ្នា និងប្រកបទៅដោយភាពយុត្តិធម៌ជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីចៀសវាងនូវសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមពន្ធគយ ។
ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានថ្លែងថា គោលជំហររបស់រដ្ឋធានីប៉េកាំងលើបញ្ហានេះ គឺមានលក្ខណៈច្បាស់លាស់ និងមិនមានការប្រែប្រួលអ្វីឡើយ ។
បន្ថែមពីនេះ លោកគូ (Guo) បានកត់សម្គាល់ជាបន្តទៀតថា ប្រទេសទាំងពីរគួរតែដោះស្រាយភាពខុសគ្នាតាមរយៈកិច្ចការចរចា ដោយផ្អែកទៅលើសមភាព ការគោរពគ្នា និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងសងខាង ។
គួររម្លឹកថា ការអត្ថាធិប្បាយខាងលើនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានកំណត់ប្រភេទលោហៈធាតុកម្រ, ថ្នាំហ្វេតាណុល, និងសណ្តែកសៀង ចូលទៅក្នុងប្រធានបទសំខាន់ៗដែលខ្លួនចង់ពិភាក្សាជាមួយប្រទេសចិន នៅក្នុងកិច្ចចរចាដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Bloomberg/ Getty Image/ China Focus


