ព័ត៌មានជាតិ

កម្ពុជា​ ស្នើសុំអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដល់យុទ្ធសាស្រ្តជាតិលើកទី៣ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមសាលារៀន

image


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដល់ដំណើរការតាក់តែងអនុវត្ត និងវាយតម្លៃនៃយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការរួចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមសាលារៀនរបស់សិស្សានុសិស្ស។

ការស្នើបែបនេះរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងជំនួបពិភាក្សាកាងារជាមួយលោកស្រី Kyung-nan Park តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងដោះស្រាយបញ្ហាប្រព័ន្ធស្បៀង បញ្ហាសុខភាពសាធារណៈ ទឹកស្អាត អនាម័យ និងការប្រែប្រួលអាកាសធាតុ។ ការងារនេះ ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ បរិស្ថាន កិច្ចគាំពារសង្គម ទឹកស្អាត អនាម័យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៥-២០៣០ ដោយផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារគ្រប់រូបត្រូវបានថែទាំដោយយកចិត្តទុកដាក់។

លោកបណ្ឌិតសភាចារ្រាជរដ្ឋាភិបាល​ ក៏បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីធានាថារបបអាហារសុខភាពត្រូវបានកែលម្អ តាមរយៈការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ក៏ដូចជារៀបចំបទប្បញ្ញត្តិបរិស្ថានស្បៀង ដើម្បីធានាបាននូវ គុណភាព ស្តង់ដាអាហារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ។

ក្នុងជំនួបនេះ លោកស្រី Kyung-nan Park បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ជាមួយនឹងការចូលរួមគាំទ្រពីអង្គការ WFP ទទួលបានសមិទ្ធិផលសំខាន់គួរឱ្យកត់សំគាល់ ដូចជាបានធ្វើការសិក្សាស្រាវជ្រាវស្តីពីការបំពេញចន្លោះនៃសារធាតុចិញ្ចឹម បានរៀបចំយុទ្ធសាស្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ បានរៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងការដាក់បញ្ជូលការងារប្រព័ន្ធស្បៀងទៅក្នុង NDC 3.0 ។

លើសពីនេះ លោកស្រីក៏បានជម្រាបជូន អំពីសកម្មភាពកាងារមួយចំនួនរបស់អង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងបន្តចូលរួមគាំទ្រកម្មវិធីផ្តល់អាហារ និងបរិស្ថានស្បៀងតាមសាលារៀន ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស ជាពិសេស កម្មវិធីបញ្ជូលមីក្រូសារជាតិចិញ្ចឹមចំណីអាហារ ព្រមទាំងជួយគាំទ្រដល់កម្ពុជានៅក្នុងការប្រែប្រួលអាកាសធាតុផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមានរបស់សង្គ្រាមទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងចំណោមសហគមន៍ព្រំដែនដែលរងផលប៉ះពាល់។ លោកទេសរដ្ឋមន្ត្រី បានរំឭកពីប្រវត្តិជម្លោះដ៏ឈឺចាប់របស់ប្រទេសកម្ពុជា ហើយបានបញ្ជាក់ជាថ្មីថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយ។ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ដ៏ឆាប់រហ័សរបស់ WFP រួមទាំងការប្រគល់អង្ករចំនួន ២២០ តោនដល់គ្រួសារដែលផ្លាស់ទីលំនៅចំនួន ៤.៥០០ ក្នុងខេត្តឧត្តរមានជ័យ និងបានលើកទឹកចិត្តបន្តកិច្ចសហការក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

អត្ថបទ៖​ ចេង ឆហួត