ព័ត៌មានជាតិ

សមត្ថកិច្ចបំបែកសុំណុំរឿងចោរប្លន់ និងលួច ៦ករណី ចាប់ខ្លួនជនសង្ស័យ២០នាក់ នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ ជនសង្ស័យ ២០នាក់ ត្រូវបានចាប់ខ្លួនសង្ស័យពាក់ព័ន្ធករណីប្លន់ លួច និងហិង្សា សរុប៦ករណី ហើយត្រូវបាននគរបាលបង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។​

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងបង្រា្កបចំនួន ៦ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ២០នាក់ក្នុងរយៈពេល ៥ថ្ងៃ រួមមាន អំពើរប្លន់ ៣ករណី, អំពើរលួច ១ករណី, អំពើរហិង្សា ២ករណី។ ទន្ទឹមនេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន ចបជីក ដងឆ័ត្រ ត្រសេះ កាំបិតផ្គាក់ កាំបិតបុ័ងតោ ដាវសាំម៉ូរ៉ៃ កាំបិតចុងស្រួច កាំភ្លើងហ្គាស ( ប្រើគ្រាប់កាំកង់ ) មួកសុវត្ថិភាព ស្លាកលេខចំនួន ២ និងម៉ូតូចំនួន ១០គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តបន្តនីតិវិធីតាមច្បាប់៕


អត្ថបទ៖ រដ្ឋ រង្សី