ប្រជាពលរដ្ឋរស់នៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទទួលបានផលពីគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងបង្ការហានិភ័យចំពោះសុខភាពពីជំងឺផ្សេងៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ និងនៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទទួលបានផលប្រយោជន៍ ពីគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងបង្ការហានិភ័យចំពោះសុខភាពពីជំងឺផ្សេងៗ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ បន្ទាប់ពីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, ក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) និងមូលនិធិ GX FOUNDATION របស់ហុងកុង ប្រទេសចិន បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចាប់ផ្តើមអនុវត្តគម្រោងនេះ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហ្វូណនតេជោ បានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោ និងអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាតំបន់ថ្មី ដែលមានមូសជាច្រើន ទើបមូលនិធិ GX FOUNDATION យកចិត្ដទុកដាក់លើបញ្ហានេះ ដោយបានស្នើមកក្រុមហ៊ុនហ្វូណនតេជោ និងក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក ដើម្បីផ្ដល់អ្នកជំនាញ និងសម្ភារមួយចំនួន ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម និងបង្ការហានិភ័យចំពោះសុខភាពពីជំងឺផ្សេងៗ ជូនដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់នោះ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ឱ្យដឹងដែរថា កន្លងមក មូលនិធិ GX FOUNDATION នេះ បានជួយដល់កម្ពុជា ចាប់តាំងពីជំនាន់ជំងឺកូវីដ-១៩រាតត្បាត ដោយបានផ្ដល់ពេទ្យជំនាញ និងបានផ្ដល់សម្ភារបរិក្ខារពេទ្យ និងបានចុះជួយដល់ប្រជាពលរដ្ឋរស់នៅតាមទីជនបទ នៃខេត្ដកំពង់ចាម, ខេត្ដកំពង់ស្ពឺ និងខេត្ដព្រៃវែង ដែលមានជីវភាពក្រីក្រ និងមានជំងឺគ្រុនឈាម ជាច្រើននាក់ផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២០ តុលា ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានប្រកាសថា អាកាសយានដ្ឋានអន្ដជាតិតេជោ គ្រោងចំណាយទឹកប្រាក់ ១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ ភ្ជាប់ទៅព្រែកជីកហ្វូណនតេជោ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានប្រវែងជិត១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ១.៧ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សន ពិសិដ្ឋ










