ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ស្នើបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ ដើម្បីតាំងបង្ហាញផលិតផល វប្បធម៌ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ី

image


ភ្នំពេញ៖ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះ នឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
នេះជាការបង្ហាញ ជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១តុលាឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ។
លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង ។
ទន្ទឹមកំណើននេះ លោក ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់ ៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ាន។
លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ នៅរាជធានីភ្នំពេញ បានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឲ្យមានកម្មវិធីកំសាន្តយ៉ាងច្រើននៅលើផ្លូវស្មើជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជាកាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
ជាកិច្ចឆ្លើយតបនិងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្ដល់ជូនទៅឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឲ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខ ដោយស្នើឲ្យស្ថានទូត ឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឲ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។
លោក ឃួង ស្រេងក៏បានថ្លែងនូវការអរគុណចំពោះស្ថានទូតឥណ្ឌូនេស៊ីផងដែរ ដែលមានគម្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានផ្លូវថ្មើជើងចតុរមុខនេះ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនង ការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា "មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
បន្ថែមពីនេះ លោក ឃួង ស្រេងក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃនៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឲ្យ កាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជានិងទាហានថៃ។ ឯកឧត្ដមអភិបាលក៏សូមអរគុណផងដែរចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយ កម្ពុជាកន្លងមក។ លោក ឃួង ស្រេង នូវបានស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕