លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១
កំពង់ចាម៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋ មន្ត្រី បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា និងគណៈប្រតិភូរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រធានមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចូលជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅទីនោះ ព្រមទាំងបានត្រួតពិនិត្យស្ថានភាពជុំវិញមន្ទីរពេទ្យផងដែរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានស្តាប់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រាយការណ៍ពីសារបានប្រវត្តិមន្ទីរពេទ្យ វឌ្ឍនភាពការងារដែលសម្រេចបាន ចក្ខុវិស័យ និងគួបផ្សំសំណូមពរនានារួចមក លោកនាយករដ្ឋមន្ត្រី បានធ្វើការកោត សរសើរ និងបានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងការអនុវត្ត យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពកក់ក្តៅ និងឱ្យសាកសមនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីអភិក្រមរបស់សម្តេចធិបតី ជាពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសជិតខាង ដោយលើកឡើងថា អភិក្រមទី១ គឺ អត់ធ្មត់ ស្ងាត់ តែមិននៅស្ងៀម ដោយខំប្រឹងប្រែងបន្តយកចិត្តទុកដាក់ ធ្វើការជាមួយមិត្តភក្តិអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ឈានឆ្ពោះទៅបញ្ចប់បញ្ហាជម្លោះនេះទាំងស្រុងតែម្តង។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំតាមដានដោយយកចិត្តទុកដាក់ និងផ្តល់ជំនឿចិត្តទៅ ដល់រាជរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះដែរ ត្រូវពង្រឹងស្មារតីជាតិនិយម តែជាតិនិយមនេះ មិនមែនជាការស្អប់ជាលក្ខណៈពូជសាសន៍ទេ ផ្ទុយទៅវិញ គឺការពង្រឹងសមត្ថភាពថែរក្សាស្មារតីស្នេហាជាតិ រួបរួមជាតិ ពង្រឹងសាមគ្គីផ្ទៃក្នុង និងខំប្រឹងខ្លួនឯងជាប្រចាំ៕
អត្ថបទ៖ វង សុភ័ក្ត្រ