សង្គម

សមត្ថកិច្ចចាប់ខ្លួនមនុស្សជាង ២០០នាក់ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ រយៈពេល៩ខែ ឆ្នាំ២០២៥

image


ភ្នំពេញ៖ រយៈពេល៩ខែ ដើមឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប ១៤៧ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ ៩២ករណី។ ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២០៥នាក់ (ស្រី៣៧នាក់) និងជនបរទេស ១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង១៤៧ករណីនោះ អំពើជួញដូរមនុស្សបង្ក្រាបបានចំនួន ៥៥ករណី ឃាត់ខ្លួនមនុស្ស៧៩នាក់ (ស្រី៧នាក់) ជនបរទេស១៣នាក់ សង្គ្រោះជនរងគ្រោះបានចំនួន ២០០នាក់ និងអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៩២ករណី ឃាត់ខ្លួនមនុស្ស ១២៦នាក់ (ស្រី៣០នាក់) ជនបរទេស ៦នាក់ និងសង្គ្រោះជនរងគ្រោះ ២៨៣នាក់។ ជារួមទាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបានរំដោះជនរងគ្រោះសរុប ៤៨៣នាក់។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេលដូចគ្នានេះ ក្រសួងមហាផ្ទៃក៏បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នជំនាញទាំងក្នុង និងក្រៅប្រទេស ជួយអន្តរាគមន៍ឱ្យពលរដ្ឋខ្មែរបានត្រឡប់មកប្រទេសកម្ពុជាវិញសរុប១៥៧នាក់ ក្នុងនោះមានអនីតិជន ៣៦នាក់៕