សម្តេច ម៉ែន សំអន ជម្រុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាលជាមួយសមាជិកសមាគមនៅទូទាំងប្រទេស តារយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥។
ក្នុុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ បំពេញភារកិច្ចរបស់ខ្លួនរយៈពេលកន្លងមក ដោយបានសហការយ៉ាងល្អ មានស្មារតី ឆន្ទះ ក្នុងការចូលរួមការងារសង្គម ព្រមទាំងចូលរួមដោះស្រាយលើបញ្ហាប្រឈម រហូតសម្រេចបាននូសមិទ្ធិផលគួរជាទីមោទនៈ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើរដល់នារី ក្រសួង ស្ថាប័ន រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ស្ថាប័នដែលបានដាក់ចេញ, អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាព និងសហការល្អផ្ទៃក្នុង ក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារី និងពង្រីកសមាជិកសមាគមឱ្យបានច្រើន តារមយៈ ការរួមសហការគ្នា បំពេញការងារស្រប តាមលក្ខន្តិកៈរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលបានកំណត់។
សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រនិងជម្រុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថេរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារធាតុបំផ្លាញសុខភាពផង ៕
អត្ថបទ៖ វង សុភ័ក្ត្រ