ព័ត៌មានជាតិ

ក្រសួងបរិស្ថាន តម្រូវឱ្យសិប្បកម្មវេចខ្ចប់កាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបិទផ្ចិតកន្លែងដែលលេចធ្លាយ មានក្លិនប៉ះពាល់ដល់បរិស្ថាន ឱ្យបានរួចរាល់មុនថ្ងៃទី២៧ ខែតុលា ជាកំហិត

image


ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់ ដោយតម្រូវឱ្យសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ដែលស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបិទផ្ចិតកន្លែងដែលលេចធ្លាយ ផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។

ជាមួយគ្នានេះ សិប្បកម្មត្រូវទទួលរងពិន័យអន្ដរការណ៍លើកាបញ្ចេញសារធាតុបំពុលខ្យល់ពីម៉ាស៊ីនភ្លើង ដោយពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្ម ពីក្រសួងបរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថាន ចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ល្មើសនឹងមាត្រា១៧៣ មាត្រា៦៩៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

លើសពីនេះ សិប្បកម្មត្រូវកែល្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន(Afterburner ) ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ។

សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងរកឃើញករណីមានក្លិនផ្សែងឈ្ងៀមចេញពីសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី ដែលបង្កឱ្យមានក្លិនប៉ះពាល់ដល់បរិស្ថាននៅជុំវិញ៕