ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សូរិយោដីខេត្ត ឱ្យបន្តខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ

image


រតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សូរិយោដីខេត្ត ឱ្យបន្តខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ ជាពិសេស កាត់បន្ថយទំនាស់ដីធ្លីនៅក្នុងខេត្ត។

ការជំរុញរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សូរិយោដីខេត្តរតនគិរី ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តការងារឆ្នាំ២០២៦។

លោក ញ៉ែម សំអឿន បានលើកឡើងថា សន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី គឺដើម្បីពិនិត្យមើលលទ្ធផលការងារ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារតាមវិស័យជំនាញនីមួយៗ ក្រោមការចង្អុលបង្ហាញណែនាំ និងដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។ លទ្ធផលនៃការអនុវត្តការងារ បង្ហាញអំពីសមត្ថភាពមន្ត្រី សមត្ថភាពការិយាល័យជំនាញ និងសមត្ថភាពរបស់អង្គភាព។

លោក ញ៉ែម សំអឿន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ហើយក៏ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តរតនគិរី ក្នុងនាមវិស័យជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្របតាមគោលនយោ
បាយដាក់ចេញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការសម្របសម្រួលដឹកនាំផ្ទាល់ដោយអាជ្ញាធរខេត្តរតនគិរី។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត លោក បានប្តេជ្ញាថា នឹងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងបន្តអភិវឌ្ឍខេត្តរតនគិរី ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ។ ក្រៅពីនេះ លោក ក៏នឹងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពឆាប់រហ័សទាន់ពេលវេលា កាន់តែគៀកប្រជាពលរដ្ឋ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ គោរពច្បាប់ និងគោលការណ៍បច្ចេកទេស៕

អត្ថបទ៖ ប៉េស សារី