រោងចក្រផលិតទឹកស្អាតមួយកន្លែងនៅខេត្តបាត់ដំបង មានសមត្ថភាពផលិតទឹកស្អាត៥ម៉ឺនម៉ែត្រត្រីគុណក្នុង១ថ្ងៃ គ្រោងបិទបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥នេះ
បាត់ដំបង ៖ រោងចក្រទឹកស្អាតមួយកន្លែងក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានសមត្ថភាពផលិតទឹកស្អាតរហូតដល់៥ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ត្រៀមនឹងបិទបញ្ចប់ការងារសាងសង់របស់ខ្លួននៅចុងឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបើកដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងក្រុង និងស្រុកគោលដៅមួយចំនួនទៀតនៅជុំវិញក្រុងបាត់ដំបង ។
អគ្គនាយករដ្ឋាករទឹកបាត់ដំបងលោក អ៊ុត ក្លឹង នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃបូកសរុបចុងក្រោយនូវលទ្ធផលអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង បានបញ្ជាក់ថា កិច្ចប្រជុំនេះស្ថិតក្រោមវត្តមានចូលរួមពីលោក យ៉ា សាមុល មន្ត្រីជាន់ខ្ពស់គម្រោងនិងជាប្រធានបេសកកម្មរបស់ ADB លោក ថ្លាំង ភ័ក្រ្តា តំណាងមន្ត្រីជាន់ខ្ពស់គម្រោង និងជាប្រធានបេសកកម្មរបស់ AFD និងសហភាពអឺរ៉ុប EU និងមន្រ្តីសម្របសម្រួលគម្រោងនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រុមការងារគម្រោង និងជំនាញផ្សេងៗជាច្រើនរូបទៀត ដែលបានធ្វើឡើងនៅរដ្ឋាករទឹកបាត់ដំបង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។
លោក អ៊ុត ក្លឹង បានបញ្ជាក់ទៀតថា គោលបំណងនៃកិច្ចប្រជុំនេះមានចំណុចសំខាន់ចំនួន៦ គឺការពិនិត្យវាយតម្លៃលទ្ធផលអនុវត្តគម្រោងចុងក្រោយ រួមទាំងវឌ្ឍនភាពការងារ ដែលសម្រេចបានតាមផ្នែកនីមួយៗប្រៀបធៀបនឹងគោលដៅអនុវត្ត ។ ការតាមដានវឌ្ឍនភាពការអនុវត្តន៍តាមផែនការសកម្មភាព ដែលបានព្រមព្រៀងនៅក្នុងបេស កកម្មពិនិត្យលើកមុន ។ ការពិនិត្យអំពីការអនុវត្តន៍ផែនការការពារបរិស្ថាន និងសង្គម ផែនការចូលរួមសមធម៌យេនឌ័រ និងផែនការគ្រប់គ្រងហិរញ្ញវត្ថុ ។ ការពិនិត្យស្ថានភាពគោរពតាមកាតព្វកិច្ចកម្ចី ។ ការផ្ដល់យោបល់បច្ចេកទេសអំពីការរៀបចំរបាយការណ៍បញ្ចប់គម្រោង និងនីតិវិធីបិទបញ្ចប់ផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា គម្រោងត្រូវបានបញ្ចប់ដោយជោគ ជ័យ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ និងទាញយកមេរៀនពីការអនុវត្តន៍ ។
លោក ប៉ុក ចន្ទ មន្ត្រីបច្ចេកទេសគម្រោងនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសំដែងនូវការអរគុណចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ ហើយយើងនឹងបន្តជំរុញឱ្យការងាររបស់យើង កាន់តែមានប្រសិទ្ធិភាព ហើយអ្វីដែលសំខាន់បំផុតគឺគម្រោងយើងចប់ហើយកុំឱ្យមានបញ្ហាផ្សេងៗកើតឡើង ហើយក្រសួង នឹងបន្តធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងការពង្រីកបំពង់ទឹកស្អាតប្រវែង៩៤ គីឡូម៉ែត្រ ៕
ដោយ ៖ ឡាច សុគន្ធាវី