នាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់ជប៉ុន លោកស្រី តាកាអ៊ិឈិ ប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្រទេសប៉ែកខាងត្បូង
ជប៉ុន៖ នាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់ប្រទេសជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានសន្យាថានឹងពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសស្ថិតនៅប៉ែកខាងត្បូង ។
អំឡុងសន្ទរកថាជាលើកដំបូងក្នុងទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា ជប៉ុននឹងបន្តលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឱ្យសេរីនិងបើកចំហ ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេសដែលចែករំលែកតម្លៃរួមគ្នាជាមូលដ្ឋាន ។
លោកស្រី តាកាអ៊ិឈី ក៏បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីបង្កើនការកែលម្អទំនាក់ទំនងជប៉ុន-អាម៉េរិក។ លោកស្រី បានថ្លែងថា លោកស្រីមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំធ្វើការសម្រាប់ប្រទេសជាតិ និងកសាងប្រទេសជប៉ុនឱ្យកាន់តែរឹងមាំ ។
គួររម្លឹកថា លោកស្រី តាកាអ៊ិឈិ បានក្លាយជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ីហ្គេរឹ អ៊ីស៊ីបា (Shigeru Ishiba) បានលាលែងពីតំណែងក្រោយមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតសភាជាតិ កាលពីខែកក្កដា។ លោកស្រី តាកាអ៊ិឈិ បានឈ្នះការបោះឆ្នោតសភា ក្រោយព្យាយាមជាលើកទី៣ ហើយបច្ចុប្បន្ននេះ លោកស្រីគឺជានាយករដ្ឋមន្ត្រីទី៤ ក្នុងរយៈពេល ៥ឆ្នាំពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Yuichi Yamazaki/ Pool/ Kim Kyung Hoon via REUTERS