ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង បានឯកភាព និងសម្រេចចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅភ្នំសំពៅ ដើម្បីភ្ញៀវទេសចរ និងអ្នកសិក្សា បានឈ្វេងយល់ពីប្រវត្តិរមណីយដ្ឋានភ្នំសំពៅ

image


បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានសម្រេចលើការចងក្រងខ្លឹមសារប្រវត្តិល្អាងនានា នៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមក្រុង ស្រុក សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តឱ្យបានច្រើនបន្ថែមទៀត ។

នៅក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅ ដែលបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក សុខ លូ ក៏ដូចជាក្រុមការងារទាំងអស់ បានឯកភាព និងសម្រេចទាំងស្រុងលើខ្លឹមសារប្រវត្តិល្អាងនានា ដើម្បីត្រៀមរៀបចំចារឹកឡើង សម្រាប់តាំងបង្ហាញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅផ្ទាល់តែម្ដង ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងនោះលោក សុខ លូ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ក្នុងការរក្សាដីចំណីផ្លូវ និងរៀបចំសួនសាធារណៈនៅតាមទីប្រជុំជន ដើម្បីឱ្យប្រជាពលរដ្ឋហាត់ប្រាណរក្សាសុខភាព ក្រៅពីនេះលោក អភិបាលខេត្តបាត់ដំបង បានដឹកនាំពិភាក្សាលើការរៀបចំសួនសុវត្ថិភាពចរាចរណ៍ សួនសាធារណៈ និងទីធ្លាសម្រាប់ពលរដ្ឋហាត់ប្រាណ រៀបចំផ្លូវដើរ និងសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណផ្សារណាត់ក្រុងបាត់ដំបង។

ក្នុងនោះក៏បានពិភាក្សាលើការរក្សាដីចំណីផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងពីរង្វង់មូលនាងរំសាយសក់ទៅដល់ភ្នំសំពៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវ និងលើកកម្ពស់សោភណភាពនៅតាមទីប្រជុំជនផងដែរ ៕

ដោយ ៖ គួយ គឹមស៊ន