ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺ​ ក្រោយយុវជន​២នាក់ មិនសប្បាយចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ថាបានចោទប្រកាន់លើពួកគេខុសពីការពិត និងអយុត្តិធម៌

image

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រោយយុវជន ២នាក់ មិនសប្បាយចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ថាបានចោទប្រកាន់លើពួកគេខុសពីការពិត និងអយុត្តិធម៌។​

ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២១:៣០នាទី លោកវរសេនីយ៍ទោ ញឹម សារ៉ាត់ អធិការរង នៃអធិការដ្នាននគរបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចេញល្បាតត្រួតពិនិត្យការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសបង្ការទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។ លុះសមត្ថកិច្ចបានល្បាតដល់ចំណុចផ្លូវបេតុង វិថីអ្នកឧកញ៉ា ឌី ប៉ុក ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានឃើញយុវជនចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកស្កូពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GM-2866 បំពាក់បំពង់សុីម៊ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងខ្លាំងៗ បង្កការរំខានដល់ប្រជាពលរដ្ឋ ខណៈនោះសមត្ថកិច្ចបាននាំយុវជនទាំង ២នាក់ និងមធ្យោបាយម៉ូតូយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជាគោលការណ៍សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមរបស់យុវជនទាំង ២នាក់ នៅចំពោះមុខសាមីខ្លួន ជាលទ្ធផលអវិជ្ជមាន(គ្មានសារធាតុញៀន)។

បន្ទាប់មកនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក សមត្តកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកធានាយុវជនទាំង ២នាក់ ឲ្យត្រឡប់ទៅលំនៅឋានវិញ។ សមត្ថកិច្ចក៏បានណែនាំឲ្យយកបំពង់ស៊ីម៊ាំងមកដោះដូរដាក់បំពង់ស៊ីម៊ាំងដើម តាមលក្ខណៈបច្ចេកវិញ។
ចំពោះវិធានការទប់ស្កាត់ម៉ូតូបំពាក់បំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសបង្ករំខានអារម្មណ៍ប្រជាពលរដ្ឋ ខាងលើគឺសមត្ថកិច្ចអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ តាមជំនាញវិជ្ជាជីវៈត្រឹមត្រូវ ហើយសូមធ្វើការបដិសេធចំពោះការចោទប្រកាន់ទាំងឡាយណាគ្មានមូលដ្ឋាន និងគ្មានហេតុផលច្បាស់លាស់មកលើសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។​

ទោះជាមានការបកស្រាយរបស់សមត្ថកិច្ចយ៉ាងនេះក៏ដោយ ប៉ុន្តែភាគីខាងយុវជន២នាក់ ចង់បាននូវភាពស្អាតស្អំរបស់ខ្លួន។​ ភាពស្អាតស្អំគឺនៅត្រង់ចំណុចដែលពួកគេអះអាងថា សមត្ថកិច្ចពិតជាបានចាប់បង្ខំឱ្យពួកគេថតរូបកាន់តេស្តទឹកនោមរកសារធាតុញៀន ដែលមិនមែនជាទឹកនោមរបស់ខ្លួន ហើយបានបង្ខំឱ្យពួកគេផ្ដិតមេដៃលេីឯកសារផ្សេងៗជាច្រើនទៀត៕