កម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវគេរំពឹងថា នឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី
ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា ទំនងជានឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការជាមួយសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីកិច្ចជំនួបរវាងគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ជាលទ្ធផល កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
ថ្លែងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” កាលពីថ្ងៃទី ២ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកផងដែរនោះ បានគូសបញ្ជាក់ថា ចំណុចសំខាន់នៃការចរចាជាមួយភាគីអាម៉េរិក គឺផ្តោតទៅលើការឯកភាពគ្នានូវលក្ខខណ្ឌមួយចំនួនទៀតដែលនៅសេសសល់ រួមទាំងច្បាប់វិធានដើមកំណើតទំនិញ ឲ្យបានចប់សព្វគ្រប់ ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរ ក្នុងពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាទទួលបានអត្រាពន្ធគយ បដិការត្រឹម ១៩% ពោលគឺបានចុះពីអត្រាពន្ធគយបដិការដំបូង ដែលមានរហូតដល់ ៤៩%។ លទ្ធផលនៃការ កាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដែលបានប្រព្រឹត្តទៅតាមរយៈ ប្រព័ន្ធវីដេអូចំនួន ៧លើក និងជួបផ្ទាល់ចំនួន៣ជុំ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕