ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រកំពូលស្តីពី កំណើនប្រកបដោយបរិយាប័ន្នអាស៊ាន

image

អត្ថបទ និងរូប៖ ហ៊ន សុភ័ក្រ


អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រកំពូលស្តីពី កំណើនប្រកបដោយបរិយាប័ន្នអាស៊ាន (ASEAN inclusive growth summit )នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។

កិច្ចប្រជុំកំពូលកំណើនប្រកបដោយបរិយាប័ន្នអាស៊ាន (ASEAN inclusive growth summit ) ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាស៊ីជម្រៅ និងចែករំលែកចំណេះដឹង ដើម្បីជំរុញការអភិវឌ្ឍតំបន់អាស៊ានទៅលើវិស័យសំខាន់ៗដែលរួមចំណែកដល់ការរីកចម្រើនរួមរបស់សង្គមជាតិ និងការសម្រេចបាននូវចក្ខុវិស័យរួមគ្នា។

នៅក្នុងវេទិការនេះ ដោយមានការចូលរួមពីបណ្តាវិស័យឯកជន ស្ថាប័នរដ្ឋ បណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសនានាលើពិភពលោក ។ វាគ្មិន និងអ្នកសម្របសម្រួលក្នុងវេទិការនេះ បានលើកយកប្រធានបទស្នូលសំខាន់ៗយកមកពិភាក្សាកំណើនប្រកបដោយចីរភាព, ភាពជាដៃគូផ្នែកឯកជន និងសាធារណៈប្រកបដោយនវានុវត្តន៍ បរិវត្តកម្មឌីជីថល,បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), កិច្ចពិភាក្សា ទទួលស្គាល់នូវតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងនវានុវត្តន៍។

សូមជម្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥៕