ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ អស់ផ្ទះ២៣ខ្នង នៅផ្សារហេងឆាយលី កណ្តាលក្រុងបាត់ដំបង

image


បាត់ដំបង ៖ គិតត្រឹមវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារពន្លត់អគ្គិភ័យ ដោយមានកិច្ចសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ បាននិងកំពុងបាញ់ទឹកពន្លត់អគ្គិភ័យ ដែលបានឆាបឆេះផ្សារហេងឆាយលី ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីជួយអន្តរាគមន៍ និងគ្រប់គ្រងអគ្គិភ័យឱ្យបាន ។

ផ្សារហេងឆាយលី ត្រូវបានអគ្គិភ័យមួយបានឆាបឆេះចាប់ផ្តើមតាំងពីវេលាយប់រំលងអធ្រាត្រថ្ងៃទី២៣ ឈានចូលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ហើយក្នុងប្រតិបិត្តការនេះ មានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង កងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត បានចូលរួមក្នុងការធ្វើអន្តរាគមន៍ទីផ្សារ ក៏ដូចជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មួយចំនួននៅជុំវិញផ្សារយ៉ាងមមាញឹកបំផុត ។

អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានបញ្ជាក់ដែរថា រហូតមកដល់ម៉ោងជាង១០នេះ សមត្ថកិច្ចកំពុងបន្តបាញ់ទឹកពន្លត់អគ្គិភ័យ ដើម្បីឱ្យរលត់ទាំងស្រុង ព្រោះអគ្គិភ័យនេះបានឆេះរយៈពេលយូរ ភ្លើងមិនងាយរលត់អស់ ដែលត្រូវបាញ់ទឹកពន្លត់កុំឱ្យកើតជារងើកភ្លើងបន្តទៀត ។

លោក បានបញ្ជាក់ថា ចំពោះផ្ទះដែលត្រូវបានភ្លើងវាយប្រហារនោះជាបឋមមានចំនួន២៣ខ្នង ក្នុងនោះមានផ្សារហេងឆាយលីអស់ចំនួន១៨ខ្នង ហើយផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់នោះអស់ចំនួន៥ខ្នង ដោយឡែកផ្ទះរលំ គឺនៅផ្សារហេងឆាយលី អស់ចំនួន១៣ខ្នង ហើយមកដល់ម៉ោង១០ព្រឹកជាងនេះ សមត្ថកិច្ចទាំង៣ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅប្រចាំការ ដើម្បីជួយបាញ់ទឹកពន្លត់ភ្លើងឱ្យបានទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង និងប្រើប្រាស់ទឹកអស់ជាង១០០ រថយន្តហើយ រីឯសម្ភារទំនិញ មិនទាន់វាយតម្លៃបាននៅឡើយដែរ។ ដោយឡែកមូលហេតុ ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះនេះមិនទាន់ដឹងនៅឡើយទេ គឺរង់ចាំសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវទៀត ៕

ដោយ ៖ គួយ គឹមស៊ន