ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បដិសេធមតិអំពាវនាវ ឱ្យយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកអនុវត្ដក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

image


ភ្នំពេញ៖ សម្ដេច តេជោហ៊ុន សែន មានប្រសាសន៍ថា មានបុគ្គលមួយចំនួនបានអំពាវនាវឲ្យកម្ពុជា ប្ដឹងទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យកោះប្រជុំជាបន្ទាន់ទាក់ទងនឹងការឈ្លានពានរបស់អ្នកជិតខាង។ សម្ដេចតេជោ បានចោទជាសំនួរវិញថា “ តើសហប្រធានព្រមដែរទេ?សាកសួរទៅឥណ្ឌូនេស៊ី និងបារាំង ថាព្រមទេ? តើហត្ថាលេខីទាំងនោះព្រមចូលរួមទេ?ហើយតើនឹងដោះស្រាយរបៀបណា?ខណៈភាគីខាងថៃថាយើងរំលោភដីគេ ហើយយើងថាគេរំលោភដីយើង។ សម្ដេចថា ករណីដែលកំពុងកើតឡើងដោយការចោទគ្នាបែបនេះគឺមិនអាចដោះស្រាយបានទេ។
ការថ្លែងបែបនេះនាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភំ្នពេញ។
សម្ដេចតេជោបានថ្លែងបន្ដថា ស្ថានភាពនាពេលបច្ចុប្បន្ននេះកំពុងឈានទៅរកការស្រុះស្រួលតាមរយកិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ ហើយនៅថ្ងៃទី២៦ តុលា ខាងមុខនេះនឹងបន្ដឈានទៅរកកិច្ចព្រមព្រៀងសន្ដិភាពហើយ។
សម្ដេចតេជោ បន្ថែមថា មិនអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្ដបានទេ តើអ្នកអំពាវនាវទាំងឡាយបានមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្រប់ចំនុចឬនៅ? ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញហើយ ដោយបានចែងយ៉ាងច្បាស់ថា ពីការចាប់ផ្ដើម និងបញ្ចប់ ពេលដែលសភាធម្មនុញ្ញក្លាយជាទៅសភាជាតិបង្កើតរដ្ឋាភិបាល គឺបានន័យថាបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិហើយ។
សម្ដេចតេជោ បន្ដថា ប៉ុន្ដែនៅមានអ្នកដែលមិនយល់ ឬ ភ្លើ ព្រោះបើផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាន មិនចាំបាច់ទៅដល់ឆ្ងាយយ៉ាងនេះទេ ព្រោះករណីនេះហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺត្រូវទៅដល់ICJ តុលាការយុត្ដិធម៌អន្ដរជាតិ ឬវេទិការអន្ដរជាតិដទៃទៀត៕
អត្ថបទ៖ ឈឹម ធីតា