ព័ត៌មានអន្តរជាតិ

លោកទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ប្រាប់ភាគីជប៉ុន ថា កម្ពុជា គឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានា

image


ជប៉ុន៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៣ ខែតុលា បានជួបពិភាក្សាការងារជាមួយ លោក SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅទីស្តីការក្រសួងការបរទេសជប៉ុន។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ។
ជាមួយគ្នានោះ លោក លី ធុជ បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ជប៉ុន-កម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងប្រែក្លាយដីមីន ទៅជាដីមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងអភីវឌ្ឍន៍។
លោកថ្លែងថា កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជា និច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋានរបស់អនុសញ្ញា ហើយកម្ពុជា បន្តប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅសម្រេចបានកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈ ពេលប្រមាណ ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីននៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់ មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប។

លោកទេសរដ្ឋមន្ត្រី បានលើកអំពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន និងរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មកម្ពុជា-ថៃ និងក្នុងតំបន់ទាំងមូល។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយអាជ្ញាធរមីន ដើម្បីធានាថាជំនួយសកម្មភាពមីនមនុស្សធម៌របស់ប្រទេសជប៉ុន មានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព ប្រើប្រាស់ត្រូវគោលដៅ និងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានស្នើដល់រដ្ឋាភិបាលជប៉ុន ដើរតួសំខាន់ជំរុញឱ្យអនុវត្តបទឈប់បាញ់ និងរក្សាឱ្យបានសន្តិភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមទាំងក្រុមហ៊ុនវិនិយោគរបស់ជប៉ុន។
ជាការឆ្លើយតប លោក SUZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសីទស្តីពីសកម្មភាពមីន ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។

លោកគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ លោក លើកឡើងថា ជប៉ុន ចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។
ពាក់ពន្ធនឹងបញ្ហាព្រំដែន លោក SUZUKI Hideo សង្ឃឹមថា កម្ពុជា អាចសម្រេចបានសន្តិភាពឆាប់ៗ ហើយជប៉ុនត្រៀមខ្លួនរួចសម្រេចដើម្បីជួយឱ្យកម្ពុជា និងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង៕
អត្ថបទ៖ វង សុភ័ក្ត្រ