៩ខែដើមឆ្នាំនេះ! អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ជាង៧ម៉ឺន៤ពាន់ករណី
ភ្នំពេញ៖ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាស្ថាប័នរដ្ឋមួយដែលឈានមុខគេ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital គ្រប់ផ្នែកទាំងអស់ ហើយប្រព័ន្ធនេះ ត្រូវបានបង្កើតឡើង ដោយធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារតែម្តង។
មានប្រសាសន៍ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ ជូនដល់សមាជិតសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា, លោក អេង រតនា បន្តថា ជាក់ស្តែងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ពន្ធជាច្រើន ក្នុងនោះបានផ្តល់សេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធចំនួន៧៤ ៣៥១ ករណី (ថយចុះ ១,៤៤៥ លើក ប្រៀបធៀបរយៈដូចគ្នាឆ្នាំ២០២៤)។ ក្នុងនោះមានជាការពិគ្រោះយោបល់តាមរយៈ Call Center- 1277, កម្មវិធី GDT Live Chat, បណ្តាញទំនាក់ទំនងសង្គម Facebook, ព្រមទាំងមានការ រៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (GDT E-Learning), ផ្សព្វផ្សាយតាម GDT News Channel និងកម្មវិធីពន្ធដារកម្ពុជា។
ជាមួយគ្នានោះ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-TaxService) បានផ្តល់សេវាគាំទ្រ និងដោះស្រាយបញ្ហា និង សំណើនានាពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួន២៩ ៥៣៣ ករណី មិនតែប៉ុណ្ណោះ នៅមានការផ្តល់សេវាផ្សេងៗជាច្រើនទៀត ដូចជា៖ ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ការដោះស្រាយបណ្តឹងតវ៉ា និង ស្នើសុំអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ជាដើម។
ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) មានប្រសាសន៍ថា សិក្ខាសលានេះ ពាក់ព័ន្ធទៅនឹងវិស័យកសិកម្មនិយាយដោយឡែក និងវិស័យផ្សេងៗទៀតនិយាយជារួម។ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាផ្នែកយុទ្ធសាស្ត្រមួយនៃឧស្សាហកម្ម និងការនាំចេញរបស់ប្រទេសកម្ពុជា។
ឧកញ៉ា ឡេង ឫទ្ធី បន្តថា ការយល់ដឹងឲ្យបានកាន់តែច្បាស់លាស់ និងទាន់សម័យអំពីបទដ្ឋានពន្ធដារ និងកាតព្វកិច្ចសារពើពន្ធ គឺជាកត្តាគន្លឹះឆ្ពោះទៅរក ៖ ទី១. ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, ទី២. កាត់បន្ថយហានិភ័យ និងការខុសឆ្គងបណ្តាលមកពីកំហុសបច្ចេកទេសដោយអចេតនា, ទី៣.ការបង្កើនប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម, និងទី៤. ការពង្រឹងសមត្ថភាពនៃ ការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ កម្មវិធីសិក្ខាសាលាថ្ងៃនេះ គឺជាសក្ខីកម្មដ៏ជាក់ច្បាស់មួយ នៃកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ និង សហគមន៍អាជីវកម្ម។ វាបង្ហាញឲ្យឃើញពីឆន្ទៈរួមក្នុងការជួយអនុញ្ញាតឲ្យក្រុមហ៊ុន/សហគ្រាសទាំងឡាយ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម អាចដំណើរការបានដោយស្របច្បាប់ ងាយស្រួល និង មានស្ថិរភាព៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី