ព័ត៌មានជាតិ

វេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមចំណែកពង្រឹងសមត្ថភាព អង្គភាពមិនស្វែងរកប្រាក់ចំណេញនៅកម្ពុជា ឱ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ពាក់ព័ន្ធនឹងពន្ធដារ

image


ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល កាត់ថា «វ.ស.ស.» ក្នុងតួនាទីជាសេនាធិការ ឱ្យទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី
«ការអនុវត្ដកាតព្វកិច្ចពន្ធដារសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ» ក្នុងគោលបំណងរួមចំណែក ពង្រឹងសមត្ថភាពសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ពាក់ព័ន្ធពន្ធដារ ក៏ដូចជា ផ្សព្វផ្សាយដល់សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធឱ្យបានយល់ជ្រួលជ្រាប អំពីកាតព្វកិច្ចពន្ធដារ និងការលើកទឹកចិត្តផ្នែកពន្ធដារ អនុលោមច្បាប់ និងបទបញ្ញត្តិ ស្តីពីពន្ធដារ សម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

លោក ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល ថ្លែងថាដោយមើលឃើញពីសារៈសំខាន់ ក្នុងការអនុវត្ដវិធានកាតព្វកិច្ចពន្ធដារ របស់អង្គការក្រៅរដ្ឋាភិបាល សមាគម ឬសហគមន៍ ដែលមិនស្វែងរកប្រាក់ចំណេញ ក្នុងការផ្សព្វផ្សាយដល់អង្គការ សមាគម សហគមន៍នានា ក៏ដូចជាឆ្លើយតបនឹងសំណូមពរ របស់ដៃគូសហប្រតិបត្ដិការរបស់ខ្លួន វ.ស.ស. បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពនេះឡើង។

អង្គសិក្ខាកាម បានយល់ជ្រួលជ្រាបអំពីនីតិវិធី និងកាតព្វកិច្ចពន្ធដារចំពោះអង្គភាពមិនរកប្រាក់ចំណេញ រួមមាន ការចុះបញ្ជីពន្ធដារ ការបំពេញតួនាទីជាអ្នកជាប់ពន្ធ (ដែលត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ) និងការបំពេញតួនាទីជាភ្នាក់ងារកាត់ទុក ចំពោះប្រតិបត្ដិការដែលជាប់ពាក់ព័ន្ធនឹងពន្ធ លើប្រាក់បៀវត្ស ពន្ធកាត់ទុកចំពោះការជួលអចលនទ្រព្យការផ្គត់ផ្គង់សេវា ឬកាតព្វកិច្ចពន្ធ ចំពោះអាករលើតម្លៃបន្ថែម (VAT) ជាអាទិ៍។ ដែលនេះ សុទ្ធសឹងតែជាអត្ថប្រយោជន៍ ដែលអង្គសិក្ខាកាម គួរស្វែងយល់ដែលអាចពង្រឹងសមត្ថភាព ក៏ដូចជារួមចំណែកក្នុងការប្រតិបត្ដិវិធានពន្ធដារ ប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវតាមនីតិវិធីច្បាប់។

លោក ប៉ៃ សំបូរ សង្ឃឹមថា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សារបស់វាគ្មិន អង្គសិក្ខាម នឹងទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹង៖ លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីពន្ធដារ សម្រាប់អង្គការសង្គមស៊ីវិល, ការបំពេញកាតព្វកិច្ចប្រចាំខែ និងប្រចាំឆ្នាំ, នីតិវិធីដាក់លិខិតប្រកាសពន្ធឱ្យបានត្រឹមត្រូវ, ការបំពេញតួនាទីជាភ្នាក់ងារកាត់ទុក និងកាតព្វកិច្ចចុះបញ្ជីបិទឱ្យបានត្រឹមត្រូវ តាមនីតិវិធីពន្ធដារ ចំពោះអង្គភាព ដែលបានឈប់ធ្វើសកម្មភាព៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ង៉ាន់ សំណាង