ខណៈចិនប្រើរ៉ែកម្រជាអាវុធ តើ BRICS អាចកសាងប្រព័ន្ធធនធានសកលដោយយុត្តិធម៌បានដែរឬទេ?
អន្តរជាតិ៖ Sarah Soh គឺជាអ្នកស្រាវជ្រាវមួយរូបមកពីផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) ក្នុងប្រទេសសិង្ហបុរី បានធ្វើការវិភាគថា៖ ធនធានរ៉ែដ៏កម្រ កំពុងតែមានសារៈសំខាន់យ៉ាងខ្លាំង ហើយកំពុងបង្កឱ្យមានជម្លោះរវាងប្រទេសធំៗ ក្នុងនោះប្រទេសចិន គឺជាប្រទេសដ៏ធំមួយដែលកំពុងគ្រប់គ្រងធនធានរ៉ែកម្រទាំងនោះ ។
នាពេលថ្មីៗនេះ ប្រទេសជាច្រើន ដូចជាសហរដ្ឋអាម៉េរិក និងអូស្ត្រាលី បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីធ្វើការរួមគ្នាលើប្រភេទរ៉ែកម្រ ហើយសហភាពអឺរ៉ុបឯណោះវិញ បានស្នើសុំចរចាជាមួយប្រទេសចិន ពីព្រោះតែប្រទេសចិន កំពុងកំណត់វិធានការរឹតត្បឹតដើម្បីធ្វើឱ្យកាន់តែមានភាពស្មុគស្មាញក្នុងការទិញធនធានរ៉ែដ៏កម្រ ។
ជាក់ស្ដែង ប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរ៉ែទាំងនេះ ប្រៀបដូចជាអាវុធ ដើម្បីទទួលបាននូវអ្វីដែលខ្លួនចង់បានពីប្រទេសមហាអំណាចដែលចាត់វិធានការលើចិនដោយកំណត់ចំពោះការចូលប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីបកុំព្យូទ័រជាដើម ។
ជាការឆ្លើយតប បណ្ដាប្រទេសធំៗដែលមានក្ដីព្រួយបារម្ភអំពីប្រទេសចិន បានចាប់ផ្តើមព្យាយាមស្វែងរក និងប្រើប្រាស់រ៉ែក្នុងចំណោមសម្ព័ន្ធមិត្តរបស់ពួកគេ ដូច្នេះពួកគេមិនចាំបាច់ពឹងផ្អែកខ្លាំងលើប្រទេសចិននោះទេ។ ទន្ទឹមនឹងនេះ ក្រុមប្រទេសធំៗដូចជាសមាជិកប្រ៊ីក BRICS (រួមមានចិន ឥណ្ឌា និងប្រទេសដទៃទៀត) គឺមានភាពរឹងមាំខ្លាំងនៅក្នុងវិស័យនេះរួចហើយ ពីព្រោះពួកគេមានរហូតដល់ ៨៥% រ៉ែដ៏កម្រភាគច្រើនរបស់ពិភពលោក។ ពួកគេមានឱកាសបង្កើតវិធីសាស្ត្រថ្មីៗដែលយុត្តិធម៌ជាងសម្រាប់ពិភពលោក ក្នុងការចែករំលែកធនធានកម្រទាំងនេះ ។
ទោះជាយ៉ាងណាក៏ដោយ របៀបដែលក្រុម BRICS ដោះស្រាយ នឹងអាស្រ័យជាចម្បងលើប្រទេសចិន។ ប្រសិនបើប្រទេសចិន បន្តប្រើប្រាស់ការផ្គត់ផ្គង់រ៉ែរបស់ខ្លួនដើម្បីដាក់ទណ្ឌកម្ម ឬដាក់សម្ពាធលើប្រទេសដទៃទៀត (ដូចដែលខ្លួនធ្លាប់បានធ្វើពីមុន ដូចជាធ្វើដាក់ជប៉ុន និងកងទ័ពឯករាជ្យកាឈីន) កាលពីអតីតកាល វានឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃការបង្កើតប្រព័ន្ធពិភពលោកថ្មីរបស់ BRICS ដែលយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព-Photo៖ David Gray via REUTERS/ Brics Bridge/ Vecteezy