គេរំពឹងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងបញ្ចប់ពេញលេញ ក្នុងពិធីចុះហត្ថលេខាសន្តិភាព អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី
អាស៊ាន៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលឆាប់ៗខាងមុខ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា គេរំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ពេញលេញថ្មីមួយ ដើម្បីបញ្ចប់ជម្លោះព្រំដែនដែលបានផ្ទុះឡើងរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ ធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់ដំបូងដែលមានជំនួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ខណៈដែលកាលនោះ កម្ពុជា បានស្នើឱ្យមានពានរង្វាន់ណូបែលសន្តិភាពសម្រាប់ប្រធានាធិបតីអាម៉េរិកផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គេរំពឹងថា ប្រធានាធិបតីត្រាំ នឹងចូលរួមជាអធិបតីដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ អំឡុងកិច្ចប្រជុំកំពូលនោះ ។
កិច្ចប្រជុំនេះ ក៏នឹងប្រមូលផ្តុំមេដឹកនាំអាស៊ាន និងដៃគូសំខាន់ៗជុំវិញពិភពលោក រួមទាំងលោក ត្រាំ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈី និងមេដឹកនាំផ្សេងៗទៀត ខណៈលោកត្រាំ នឹងចូលរួមកិច្ចប្រជុំនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងដើម្បីកិច្ចប្រជុំកំពូល APEC នៅចុងខែនេះ ។
ក្រៅពីនេះ មេដឹកនាំអាស៊ាន ក៏ដូចជាដៃគូមកពីតំបន់ផ្សេងៗទៀត នឹងចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីពិភាក្សាអំពីការពង្រីកប្លុក និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ។
ដោយឡែក មន្ត្រីសហរដ្ឋអាម៉េរិក និងចិន នឹងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី នៅចន្លោះថ្ងៃទី២៤ - ២៧ ខែតុលា នៅមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់ ដើម្បីបន្ធូរបន្ថយភាពតានតឹងលើការរឹតបន្តឹងចំពោះការនាំចេញធនធានរ៉ែដ៏កម្រកំណត់ដោយទីក្រុងប៉េកាំង ។
កិច្ចពិភាក្សានេះ ធ្វើឡើងស្របពេលមានការរង្គោះរង្គើរវាងប្រទេសទាំងពីរ (សហរដ្ឋអាម៉េរិក-ចិន) ដោយរដ្ឋធានីវ៉ាស៊ីនតោន បានព្រមានអំពីវិធានការកំណត់ពន្ធពាណិជ្ជកម្មថ្មី ប្រសិនបើមិនអាចសម្រេចបានជោគជ័យនូវកិច្ចព្រមព្រៀងណាមួយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព-Photo៖ Sources via The Diplomat/ MEDIA MULIA via The Malaysian Reserve