ព័ត៌មានជាតិ

មន្ទីរពាណិជ្ជកម្មកែប បើកវគ្គបណ្តុះបណ្តាលផលិតបន្លែសុវត្ថិភាព ដើម្បីបង្កើនគុណភាពផ្គត់ផ្គង់ទីផ្សារ

image


កែប៖ តាមរយៈគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (អេមស៍) នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកែប បានសហការជាមួយដៃគូបច្ចេកទេស បើកវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសផលិតបន្លែសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកំពុងកើនឡើង។

វគ្គនេះត្រូវបានរៀបចំជូនដល់កសិករនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប ៥០នាក់ ក្នុងនោះ ២៨នាក់ជាស្រ្តី។

លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសម្របសម្រួលការផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងស្រុក កាត់បន្ថយការនាំចូលពីខាងក្រៅ ពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនចំណូលកសិករ និងលើកស្ទួយវិស័យកសិកម្មរបស់ខេត្តកែបឲ្យមាំមួនបន្ថែម។

លោកបន្តថា បច្ចុប្បន្នបន្លែសុវត្ថិភាព កំពុងមានតម្រូវការកើនឡើង ដោយសារអ្នកប្រើប្រាស់កាន់តែយល់ដឹង លើអាហារដែលមានគុណភាព និងសុវត្ថិភាព។ ក្រៅតែពីការបណ្តុះបណ្តាលពីការផលិត ជូនទៅកាន់កសិករ មន្ទីរក៏កំពុងត្រួសត្រាយរហូតមានកិច្ចសន្យាទិញលក់ រវាងឈ្មួញ និងកសិករជាដើម។

លោកបញ្ជាក់ថា បន្លែមពីនោះតាមរយៈគម្រោងអេមន៍ ផលិតផលរបស់កសិករខេត្តកែប រាប់តាំងពីបន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗ ក៏កំពុងដាក់លក់នៅផ្សារផលិតផលខ្មែរ ខេត្តកែប នៅទាំងពីរទីតាំងរៀងរាល់ថ្ងៃចុងសប្តាហ៍ផងដែរ។

យ៉ាងណាតាមរយៈវគ្គបណ្តុះបណ្តាលនេះ កសិករនឹងទទួលបានចំណេះដឹងសំខាន់ៗ ដែលអាចឲ្យកសិករយកទៅអនុវត្តបានក្នុងចម្ការ ដើម្បីបង្កើនប្រាក់ចំណូល និងគុណភាពផលិតផល ឈានទៅបង្រ្គប់តម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីខាងក្រៅ៕

អត្ថបទ៖ ង៉ុង សាន់